អ្នកស្រីសូ សាវឿន មានថ្ងៃ ខែ ឆ្នាំកំណើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៥ និងកន្លែងកំណើតឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ លោកសូ ប៉ុក អតីតទាហានជំនាន់ខ្មែរឥស្សរៈ និងអ្នកស្រីតាត វិល ជាឪពុកម្តាយរបស់អ្នកស្រីសូ សាវឿន ។ បងប្អូនបង្កើតរបស់អ្នកស្រីសូ សាវឿន មានតែ២នាក់ប៉ុណ្ណោះ ។
លូតលាស់ពីវង់ល្ខោនបាសាក់ក្លាយជាអ្នកចម្រៀងសម័យដោយ មានឪពុកធំស្នាក់នៅដំណាក់លោកឃុន តាក ដែលជាថៅកែល្ខោនបាសាក់នោះ អ្នកស្រីសូ សាវឿន បានចាកចេញពីស្រុកកំណើតមករស់នៅទីនោះដែរ។ អ្នកស្រីសូ សាវឿន បានចូលជាសមាជិកក្រុមល្ខោនបាសាក់ផ្សារស៊ីឡឹប នៅរាជធានីភ្នំពេញ ។ ទីនោះហើយដែលជាមាគ៌ានាំជីវិតអ្នកស្រីសូ សាវឿន ក្លាយជាបុគ្គលល្បីឈ្មោះនាពេលក្រោយ តាមរយៈអាជីពចម្រៀងសម័យ ។
លោក កែវ ឯម ជាតន្ត្រីករ និងជាអ្នកសម្រួលតន្ត្រីមានឈ្មោះល្បីមួយរូប ក្នុងពិភពសិល្បៈចម្រៀងសម័យបានពេញចិត្តចំពោះទឹកដមសំឡេងរបស់ អ្នកស្រីសូ សាវឿន ។ អ្នកស្រីសូ សាវឿន បានហាត់រៀនផ្នែកចម្រៀងសម័យក្រោមការបង្ហាត់បង្រៀនបណ្តុះបណ្តាលពី លោកកែវ ឯម ។ ដោយមានទឹកដមសំឡេងល្អ និងទេពកោសល្យពីធម្មជាតិ អ្នកស្រីសូ សាវឿន បានលូតលាស់បែកត្រួយពីវង់ល្ខោនទៅជាអ្នកចម្រៀងសម័យ ។ ក្នុង ជីវិតជាអ្នកចម្រៀងអ្នកស្រីសូ សាវឿន បានដុះពន្លកក្នុងក្រុមតន្ត្រីយោធាភិរម្យ ។
អ្នកចម្រៀងក្នុងក្រុមតន្ត្រីយោធាភិរម្យស្រករគ្នានឹងអ្នកស្រីសូ សាវឿន មានអ្នកម្នាងសៀង ឌី, អ្នកស្រីឈួន ម៉ាឡៃ, អ្នកស្រីឈុន វណ្ណា និងអ្នកស្រី ម៉ៅ សារ៉េត ។ អ្នកស្រីសូ សាវឿន បានរំលេចជីវិតក្នុងពិភពសិល្បៈចម្រៀងមានភាពលេចធ្លោប្រដំប្រសងនឹង អ្នកចម្រៀង ផ្សេងៗនាជំនាន់ជាមួយគ្នានោះ ។
២-ជាអ្នកច្រៀងចង្វាក់ប្រជាប្រិយសារ៉ាវ៉ាន់មុនគេ ៖ តាម រយៈបទចម្រៀង «ឱ!ពពេចចៀប» ស្នាដៃនិពន្ធរបស់លោកវ៉ែន សុន អ្នកស្រីសូ សាវឿន គឺជាអ្នកច្រៀងបទចង្វាក់ប្រជាប្រិយសារ៉ាវ៉ាន់ដំបូងគេនៅប្រទេស កម្ពុជា ។
បទចម្រៀង «ឱពពេចចៀប» ថតផ្សាយដោយក្រុមតន្ត្រីរាជតម្រួតភិរម្យនៅពេលដង្ហែព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ពេលយាងទៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ អ្នកនិពន្ធ ទំនុកច្រៀងសម្រាប់អ្នកស្រីសូ សាវឿន ក្រៅពីលោកវ៉ែន សុន មានលោកគង្គ ប៊ុនឈឿន លោកម៉ា ឡៅពី និងលោកស្វាយសំអឿជាដើម ។
៣-ងារអ្នកចម្រៀងសំឡេងរៃកណ្តឹង ៖ ទឹកដម សំឡេងគ្រលួចស្រួយស្រេះញ៉ាំងឱ្យអ្នកស្រីសូ សាវឿន ទទួលបានងារជា «អ្នកចម្រៀងសំឡេងរៃកណ្តឹង» ។ លោកម៉ា ឡៅពី ជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះ គឺជាអ្នកប្រសិទ្ធនាមងារ «អ្នកចម្រៀងសំឡេងរៃកណ្តឹង» នេះជូនអ្នកស្រីសូ សាវឿន ។ ទឹកដម សំឡេងពីរោះគ្រលួចស្រួយស្រេះពីធម្មជាតិរបស់អ្នកស្រីសូ សាវឿន មានការលើកឡើងថា អ្នកចម្រៀងដទៃពិបាកនឹងច្រៀងត្រាប់តាមអ្នកស្រីបាន ។