សាស្ត្រាស្លឹករឹតជាគម្ពីរដ៏ចំណាស់បំផុតរបស់ខ្មែរ! តើស្លឹករឹតត្រូវបានធ្វើឡើងដោយរបៀបណា?
“ស្លឹករឹត” ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗមុនដំបូង គេត្រូវយកស្លឹករឹតទៅសក គឺសកឱ្យអស់ទ្រនុង ចៀរឱ្យស្មើ យកទៅហាលថ្ងៃឱ្យស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីឱ្យវាលាកត្រង់មកវិញ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លៃជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង់ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១គូ សម្រួចឱ្យត្រង់ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កឱ្យចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ – ឃ្នាប ។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតឱ្យណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈួសដ៏មុត ឈូសឱ្យស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬតាមតែលៃលក ។
