បច្ចេកទេសដាំឱ្យមានរសជាតិផ្អែម ដើមថ្លោសល្អ ដើមប៉ុនគ្នា! ដាំ១ដងអាចទទួលផលបានរហូតដល់៣ឆ្នាំ

១. ការជ្រើសរើសពូជ
-អំពៅមានច្រើនពូជ ប៉ុន្តែអំពៅដែលគេនិយមដាំ និងលក់ដាច់លឿន គឺអំពៅទឹកឃ្មុំ និងកែវស្ករ ព្រោះទឹកវាផ្អែម ដើមមិនស្រួយខ្លាំង សំបកស្ដើង។
-ពូជថ្នាំងវាល្អ កាប់យកតែមួយថ្នាំងៗ សាច់ណាដែលវែងកាត់ចេញ


-ដាក់ក្នុងបាវមួយ ចងមាត់ឱ្យជិត
-ត្រាំទឹកមួយយប់ ស្អែកស្រង់អំពៅពីក្នុងទឹក ដោយមិនស្រាយមាត់បាវ ហើយទុកមួយអន្លើ។


២. របៀបដាំ
វិធីដាំមានពីរប្រភេទ គឺដាំដោយបណ្ដុះ និងដាំដោយកំណាត់ដើម។
ក. ការដាំដោយបណ្ដុះ
-កាត់ដើមអំពៅជាកំណាត់ខ្លីៗ យកថ្នាំងមួយៗ


-រៀបថ្នាំងនោះតម្រៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព
-កំណាត់ដើមអំពៅនោះ មិនត្រូវលុបដីឱ្យជិតទេ ត្រូវយកភ្នែកថ្នាំងអំពៅបញ្ឈរឡើងលើ ដើម្បីឱ្យពន្លកឆាប់ដុះពីថ្នាំង
-គ្របចំបើងពីលើថ្នាំងអំពៅ


-ស្រោចទឹកមួយថ្ងៃម្ដង ដើម្បីឱ្យកូនអំពៅឆាប់ដុះល្អ
-ពេលកូនអំពៅដុះបានទំហំប៉ុនម្រាមដៃ ក្រោយបណ្ដុះប្រហែល ១ខែ ទើបយកទៅដាំនៅក្នុងដីចំការ។
ខ. ការដាំដោយកំណាត់ដើមអំពៅ
វិធីនេះគេអនុវត្តចំពោះដីចំការធំៗ ដែលកាប់រណ្ដៅ ហើយលើកជារង


-ការដាំដុះតាមវិធីនេះ អាចអនុវត្តបានចំពេលដែលដីចំការនៅសើម
-វិធីនេះអាចចំណាយទុនតិច និងឆាប់រហ័សទួលផល ប៉ុន្តែវាមានគុណវិបត្តិម្យ៉ាង គឺដើមដុះមិនបានល្អនៅពេលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។
-វិធីទាំង២បែបនេះកសិករ មិនត្រូវយកអំពៅទៅបណ្ដុះដោយកាប់ដើមអំពៅមួយសាច់ទេ ត្រូវកាប់យកតែកន្លែងថ្នាំងដែលមានភ្នែក ហើយដុះពន្លកតិចៗទៅបណ្ដុះ។


២.១. ការភ្ជួរដី និងការដាក់ដាំ
-ភ្ជួរដីឱ្យបាន ៣សា ឱ្យបានជម្រៅជ្រៅ
-រាស់ដីឱ្យម៉ត់
-ឆូតជាគន្លង ដើម្បីឱ្យមានចង្អូរ ប៉ុន្តែមិនត្រូវលើករងដាំអំពៅទេ


-កាយគន្លង ឱ្យមាត់រណ្ដៅទំហំ ៨តឹក
-យកកូនអំពៅ ១ដើម មានដុះដើមប៉ុនមេដៃ កម្ពស់ ២តឹកទៅកប់ក្នុងរណ្ដៅ ដែលមានល្បាយផេះ ដីដំបូក លាមកសត្វងាប់ នៅបាតរណ្ដៅនោះជាស្រេច
-កប់វាបន្ថើរៗល្មម។ ហាមកប់ជ្រៅពេកទេ ដោយសារពេលភ្លៀង និងពេលស្រោចទឹកពីលើ ដីធ្លាក់មកបន្តិចៗ
-យកស្លឹកដូងគ្រប ដើម្បីឱ្យវាត្រជាក់។


៣. ការថែទាំ
-ស្រោចទឹកនៅពេលដីខ្សោះទឹក។ បើស្រោចទឹកច្រើនពេក នឹងធ្វើឱ្យទឹកអំពៅសាប
-ដកស្លឹកដុះនៅបណ្ដូលដើមអំពៅចោល ពេលអំពៅដុះបានកម្ពស់ ០,៥០ម៉ែត្រពីដី ដើម្បីឱ្យអំពៅឆាប់បែកកូន និងដុះដើមបានទំហំប៉ុនៗគ្នា
-ពេលដកបាន ១អាទិត្យ ទៅ ១០ថ្ងៃ វាចាប់ផ្ដើមបែកកូន ក្នុង១គុម្ពមាន ៨ ទៅ ១០ដើម មានកន្លែងខ្លះបែកដល់១២ដើម។


៣.១. វិធីធ្វើឱ្យដើមអំពៅថ្លោសល្អ មានទំហំដើមប៉ុនៗគ្នា
-កាប់ដើមចោលខ្លះ ទុកតែ ៨ដើមក្នុងមួយគុម្ព រាប់ទាំងដើមដែលដកបណ្ដូលចេញ
-បើដីដាំអំពៅជាដីល្បប់បាតបឹង ឬដីលិចទឹក អាចទុកដើមអំពៅបែកទាំងអស់នោះបាន តែត្រូវថែមជីគីមីនៅក្នុងដីគន្លងនោះ ការបន្ថែមជីក្នុងដីរង ពេលដែលអំពៅកំពុងបែកកូននេះនាំឱ្យដើមអំពៅប្រេះដើម ហើយស្រួយ។


៣.២. ការដើរប្រឡេះស្លឹកដែលដុះនៅជាប់ដើម
-សកអំពៅ ប៉ុន្តែមិនសកអស់ដល់ចុងទេ ព្រោះអាចធ្វើឱ្យអំពៅក្រិន
-សកស្លឹកណាដែលរផបនឹងទុំ និងចាស់ ២ ទៅ ៣ស្លឹក
-រយៈពេល ១អាទិត្យសកម្ដង។


៤. ការប្រមូលផល
-៤ខែ អាចប្រមូលផលបាន។
-មិនត្រូវកាប់ដល់គល់ទេ ទុកគល់វាឱ្យនៅសល់ពីដី ១តឹក ដើម្បីឱ្យវាបែកគុម្ពទៀតក្រោយទៀត
-ប្រមូលស្លឹកឈើ និងចុងអំពៅទៅគ្របពីលើគល់ ហើយដុតវាតែមួយសា ឆេះប៉ុន្មានក៏ឆេះទៅ


-ឆាយដីពីភ្លឺមកទម្លាក់ក្នុងចង្អូរវិញ
-មួយអាទិត្យទៅ ១០ថ្ងៃ ពេលភ្លៀងធ្លាក់ អំពៅនឹងចាប់ផ្ដើមដុះជាថ្មី
-ការដុះលើកក្រោយនេះ មិនចាំបាច់ដកកូនទៀតទេ គឺពន្លកលើកទី២នេះធំជាងមុន ហើយក៏មិនបាច់ដាំមួយសាទៀតដែរ ព្រោះគល់អំពៅនឹងដុះដោយខ្លួនឯង
ការធ្វើរបៀបនេះ យើងដាំ ១ឆ្នាំ អាចទទួលផលដល់ទៅ ៣ឆ្នាំ។

***គន្លឹះងាយបំផុតក្នុងការដាំដើមអំពៅឱ្យមានរសជាតិផ្អែម
-ប្រើផេះ និងដីដំបូក ហាមប្រើធ្យូង និងលាមកសត្វស្រស់ តែអាចប្រើលាមកសត្វស្ងួតក្រៀមងាប់យូរឆ្នាំ
-មិនអាចយកអាចម៍គោ មកដាំទេ ព្រោះវានឹងធ្វើឱ្យអំពៅមិនផ្អែម
-ការដាំអំពៅបើដាក់លាមកសត្វសុទ្ធ ធ្វើឱ្យដើមអំពៅពេលកៀបយកទឹកមានរសជាតិប្រៃ មិនមានឱជារសផ្អែម។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*