ឧស្សាហកម្មសាច់ទា និងពងទា គឺជាមុខរបរមួយកាក់កបគួរសម បើយើងអាចចំណាយអស់តិច និងអាចផ្សំចំណីឱ្យវាស៊ីបានគ្រប់គ្រាន់។ សព្វថ្ងៃនេះការចិញ្ចឹមទា គឺជារឿងមួយលំបាកសម្រាប់អ្នកខ្លះដែលមិនមានការពិសោធន៍ និងមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញចំណីឱ្យវាស៊ី ដូច្នេះហើយ ចំនួនអ្នកចិញ្ចឹមបានថយចុះយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។
១. ការផ្តល់ចំណី
ចំណីដែលអាចផ្តល់ឱ្យទារបស់បងប្អូន មានដូចខាងក្រោម៖
-ស្រូវបណ្តុះឱ្យចេញជាពន្លក
-ដំឡូងឈើ ដំឡូងជ្វា ស្ងោរ ល្ពៅទុំកិនឱ្យខ្ទេច សំបកចេកផ្អាប់
-ស្លឹកដំឡូងជ្វាឱ្យស៊ីស្រស់ៗ
-ស្លឹកដំឡូងឈើ ស្ងោរ ឬត្រាំទឹកស្ករមួយយប់សិនទើបឱ្យស៊ី
-ខ្យងខ្ចៅ លៀស គ្រំ កូនកង្កែប ជន្លេន ប្រមូលទិញយកមកឱ្យវាស៊ី ពីអ្នកដែលគេដើររក
-ត្រាវកាត់ជាដុំៗហាល រួចកិនលាយជាមួយខ្យងខ្ចៅ កន្ទក់ឱ្យវាស៊ី
-ត្រីល្អិតៗស្រស់ៗ ដែលគេរកបានពីសមុទ្រ មួយសប្តាហ៍ស្ងោរឱ្យស៊ីម្តងលាយជាមួយកន្ទក់ ។
ចំណីទាំងអស់ខាងលើនេះ គឺល្អណាស់ល្អបំផុត ហើយថែមទាំងជួយការពារទាបងប្អូនមិនឱ្យប្រទះបញ្ហាជំងឺផ្សេងៗថែមទៀតផង។
២. ការការពារជំងឺរាតត្បាតផ្សេងៗ
បងប្អូនអាចការការពារជំងឺរាតត្បាតផ្សេងៗមកលើសត្វទាបងប្អូន ដោយអនុវត្តតាមវិធីខាងក្រោម៖
-កន្លែងចិញ្ចឹមត្រូវបានសំអាតជារៀងរាល់ថ្ងៃ
-ទឹកសម្រាប់ឱ្យទាលេងត្រូវបូមប្តូរមកច្រោះឱ្យស្អាត រួចទើបបង្ហូរចូលវិញ
-ការធ្វើបែបនេះវាជួយកាត់បន្ថយការឆ្លងជំងឺបានទាំងស្រុង។
ត្រូវចងចាំថា នៅពេលដែលបានភ្ញាស់ពងទាំងអស់ដែលយើងត្រូវការហើយ យើងជ្រើសយកតែពូជបង្កាត់ល្អ មានពងច្រើន ហើយព្យាយាមរក្សាពូជនោះឱ្យបានល្អដើម្បីចិញ្ចឹមបន្ត។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។