ភាពពុកផុយរបស់ធ្មេញ តែងបង្កឲ្យមានការឈឺចាប់ ដោយសារមានបាក់តេរីក្នុងមាត់ ដែលតោងជាប់ធ្មេញ និងអញ្ចាញធ្មេញ។ បាក់តេរី ទាំងនោះបង្កើតជាអាស៊ីដ ដើម្បីបំផ្លាញធ្មេញរបស់អ្នក ហើយនៅពេលការបំផ្លាញ ឬហៅថាដង្កូវស៊ីធ្មេញ ដល់សរសៃធ្មេញ នោះវានឹងបង្កការឈឺចាប់ភ្លាមៗ។ ប៉ុន្តែនៅមានបញ្ហាមួយចំនួនទៀតដែលធ្វើឲ្យឈឺ ដូចជាធ្មេញប្រហោង រលាកអញ្ចាញ ឬធ្មេញឆាប់ស្រៀវជាដើម។ ភាពឈឺចុកចាប់ទាំងនោះ មិនត្រឹមតែឈឺត្រង់អញ្ចាញទេ វានឹងចាប់ដល់សរសៃខួរក្បាល ឬអាចឲ្យលោកអ្នកក្ដៅខ្លួនក៏មាន។
ក្រៅពីទៅពេទ្យ ឬលេបថ្នាំបំបាត់ការឈឺចាប់ អ្នកអាចសាកវិធីសាស្ត្រងាយៗ ក្នុងការព្យាបាលនៅផ្ទះដោយខ្លួនឯង តាមបែបធម្មជាតិ ដែលមានដូចខាងក្រោម៖
១. ម្រេច និងអំបិល
យកម្រេច២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល។
ឬយកអំបិលម៉ដ្ឋលាយជាមួយម្រេចម៉ដ្ឋ រួចផ្សើមទឹកតិចៗដាក់កូនចាន បង្កើតដូចថ្នាំដុសធ្មេញបន្ទាប់មកយកវា លាបប៉ាតលើច្រាស់ស្អាត រួចលាបត្រង់កន្លែងឈឺទុករយៈពេលពីរ ឬបីនាទី។
២. មើមខ្ទឹមស
កិនខ្ទឹមសឲ្យម៉ដ្ឋ បន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល វិធីបន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេក ហើយយកទឹកនោះមកខ្ពុរមាត់១ថ្ងៃ ២ ឬ ៣ដងនឹងបានកាត់បន្ថយការឈឺ ដោយខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។ វិធីមួយទៀត ដំខ្ទឹម លាយជាមួយអំបិល និងលាបផ្ទាល់ត្រង់កន្លែងឈឺ។ ប្រសិនបើអ្នកចូលចិត្ត អ្នកអាចទំពាមួយ ឬពីរកំពឹស ដោយធ្វើបែបនេះរយៈពេលពីរបីថ្ងៃ។
៣. ខ្ទឹមបារាំង
ខ្ទឹមបារាំងមានសារធាតុសម្លាប់មេរោគដែលតោងជិតធ្មេញឈឺ ដោយលោកអ្នកគ្រាន់តែហាន់ជាជំនិតៗ និងទំពារយៈពេល ពីរបីនាទីជាការស្រេច។ បើអ្នកមិនចង់ទំពា អ្នកអាចចិតមួយជំនិតបៀមខាំជាប់ទុកឲ្យវាបញ្ចេញសារធាតុសម្លាប់មេរោគទាំងនោះមកក្រៅ។
៤. ទឹកអំបិលក្ដៅៗ
យកទឹកក្ដៅឧណ្ណៗលាយជាមួយអំបិលកន្លះស្លាបព្រាបាយ រួចខ្ពុរមាត់ ដើម្បីកាត់បន្ថយការហើម រលាក និងប្រឆាំងបាក់តេរី។
៥. ត្រួយត្របែក៖
យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត មកទំពា រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
វិធីមួយទៀត អ្នកអាចយកស្លឹកវា បួន ឬប្រាំសន្លឹក ស្ងោរឲ្យពុះ រួចទុកត្រជាក់ បន្ថែមអំបិលបន្តិច ប្រើសម្រាប់ខ្ពុរមាត់ដូចគ្នា។
៦. ដុំទឹកកក
យកដុំទឹកកកតូចៗ ខ្ចប់នឹងក្រណាត់ស្អាត រួចស្អំត្រង់ថ្ពាល់ជិតកន្លែងឈឺទុកពីរបីនាទី។
ប្រសិនបើវិធីទាំងនេះមិនអាចកាត់បន្ថយភាពឈឺចាប់បានក្នុងរយៈពេលយូរពីរ ឬបីថ្ងៃ អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំទុកឲ្យវាមានសភាពកាន់តែធ្ងន់ធ្ងរ ឬហួសពេល។
៧. ស្លឹកជីម្រះព្រៅជាមួយអំបិល ទំពាអោយម៉ដ្ឋហើយបៀម១០នាទីចាំខ្ជាក់ចេញ។
បងប្អូនអាចជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីខាងលើនេះ បើមានបញ្ហាសុខភាពមាត់ធ្មេញគឺត្រូវទៅស្វែងរកសេវាពិគ្រោះពិនិត្យ និងព្យាបាលជាមួយទន្តបណ្ឌិត
វិធីខាងលើអាចជួយបំបាត់ការឈឺធ្មេញប្រសិនបើអ្នកមិនមានវិធីផ្សេង វិធីខាងលើមិនអាចព្យាបាលឈឺធ្មេញនោះទេ។
អត្ថបទ៖ អ៊ាង សុផល្លែត