ឱសថធម្មជាតិព្យាបាលស្អិតពោះវៀន រលាកពោះវៀន និងឈាមក្តៅមិនមានកូន

សូមស្វែងយល់ពី ជំងឺ​ពោះវៀន​ស្អិត ឬ​ស្អិតពោះវៀន ជាមុនសិន

-ជំងឺ​ពោះវៀន​ស្អិត​ជាអ្វី?

ពោះវៀន​ស្អិត​គឺជា​ជំងឺ​វះកាត់​បន្ទាន់ ហើយ​មិនមែន​កើតឡើង​ដោយ​ឯងៗ​នោះទេ ភាគច្រើន​កើតមាន​ចំពោះ​លោកអ្នក មួយចំនួន​ក្រោយពេល​ធ្វើការ​វះកាត់​រយៈពេល​ពីរឬ​បីឆ្នាំ បណ្ដាល​ឱ្យ​ពោះវៀន​នេះស្អិត ប្រសិន​បើមិន​ធ្វើការ​ព្យាបាល ឬ​យកចិត្ដ​ទុកដាក់​ថែរក្សា ដោយ​ប្រើប្រាស់​ថ្នាំ​សង្កូវ​ផ្សេងៗ​នោះទេ។ ជំងឺនេះ​ក៏កើត​មាន​ចំពោះ​កុមារ ឬ​មនុស្សវ័យ​ជំទង់​ផងដែរ ប៉ុន្ដែ​មាន​តិចតួច​ណាស់។

-មូលហេតុ​បណ្ដាល​ឱ្យ​ពោះវៀន​ស្អិត

ជំងឺ​ពោះវៀន​ស្អិត​ច្រើនតែ​បណ្ដាល​មកពី​វះកាត់​ពោះវៀន​ម្ដង​រួចមក​ហើយ ដោយ​សារតែ​ពោះវៀន​មាន​ស្លាកស្នាម​ងាយ​នឹង រត់​ទៅរក​ភាព​ផ្សារគ្នា ហើយ​ក៏នឹង​ងាយ​ធ្វើឱ្យ​ប៉ះទៅ​លើ​សរីរាង្គផ្សេងៗ​ដោយ​បង្កឱ្យ​ស្អិត។ នៅពេល​ដែល​ស្អិត​ហើយ​បាន​បង្កឱ្យ​ពោះវៀន​រមួល វាធ្វើ​ឱ្យ​ស្ទះពោះវៀន​ដោយ​ស្វ័យ​ប្រវត្ដិ។ ក្រោយពេល​ពោះវៀន​ស្ទះ​ហើយ​ក៏បង្កើត​បញ្ហា​បន្ថែម​ទៀត គឺ​ធ្វើឱ្យ​លោកអ្នក​បត់ជើង​ធំ​មិនបាន ហើយ​ខ្យល់​លែងដើរ ទល់ផោម បណ្ដាល​ឱ្យ​ពោះវៀន​ដែលស្ទះ​នោះរីក​ធំ​បណ្ដាល​ឱ្យ​លោកអ្នក​ចុកពោះ ហើម​ពោះ ព្រមទាំង​ក្អួត​ទៀតផង។ ម្យ៉ាងទៀត​ជំងឺ​ស្អិត​ពោះវៀន​នេះ​ក៏កើតមាន​ចំពោះ​លោកអ្នក​ដែល​មិនធ្លាប់​វះកាត់​ដែរ គឺ​ដោយសារ​មានជំងឺ​រលាក​ពោះវៀន ហើយ​ពុំបាន​យកចិត្ដ​ទុកដាក់​ព្យាបាល​ឱ្យបាន​ដិតដល់ ក៏អាច​បណ្ដាល​ឱ្យ​ពោះវៀន​ស្អិត។ សូម​បញ្ជាក់​ថា ជំងឺ​ពោះវៀន​ស្អិត​ច្រើន​កើតមាន​ក្រោយពេល​វះកាត់។

-រោគសញ្ញា​ជំងឺស្អិត​ពោះវៀន

រោគសញ្ញា​ជំងឺ​ស្អិត​ពោះវៀន មាន​ដូចជា​អាការ​ទល់ផោម ទល់លាមក ចុកពោះ ហើមពោះ ជាពិសេស​ក្អួត។ ប៉ុន្ដែ​លោកអ្នក ត្រូវ​ចងចាំ​ថា រោគសញ្ញា​ដែល​បង្ហាញ​ដំបូង​នោះ អ្នកជំងឺ​មាន​អាការ​ចុកពោះ បន្ទាប់​មកហើម​ពោះ ឬ​ក្អួត។ ហើយ​បន្ដ​មកទៀត​នោះគឺ ទល់ផោម ទល់លាមក សញ្ញា​ទាំងនេះ​ហើយ​ដែល​បង្ហាញ​ថា លោកអ្នក​ប្រាកដ​ជាមាន​ជំងឺស្អិត​ពោះវៀន​ហើយ។ ម្យ៉ាងទៀត​រោគសញ្ញា​បែបនេះ លោកអ្នក​មួយចំនួន​ក៏អាច​មានការ​ភាន់​ច្រឡំ ព្រោះ​អាច​បណ្ដាល​មកពី​រមួល​ពោះវៀន។ មួយទៀត​អាច​បណ្ដាល​មកពី ពោះវៀន​លូនចូល​ពោះវៀន​ខ្លួនឯង ក៏​បង្ហាញ​អាការ​បែបនេះ​ដែរ។ ម្យ៉ាងទៀត​មានដុំ​ក្នុង​ពោះវៀន​ក៏ធ្វើ​ឱ្យ​ពោះវៀន​លែង​ដំណើរ​ការ ក៏​បណ្ដាល​ឱ្យស្ទះ​ផោម ទល់លាមក ហើមពោះ ស្រដៀង​នឹង​អាការ​ដែល​ពោះវៀន​មួយចំនួន​បាន​ធ្លាក់ចូល​ពងស្វាស។

រូបមន្តឱសថធម្មជាតិសម្រាប់ព្យាបាលស្អិតពោះវៀន រលាកពោះវៀន និងឈាមក្តៅមិនមានកូន

រុក្ខជាតិឱសថ៖ ស្លឹកតយ និងស្លឹកត្រសក់ស្រូវ


វិធីធ្វើ និងប្រើប្រាស់
-បេះស្លឹកតយ៣ធាង ស្លឹកត្រសក់ស្រូវ៣សន្លឹកម្តង
យកមកបុកច្របាច់លាយទឹកអង្ករមួយកែវ ហើយច្រោះឲ្យស្អាត

-ហូប១ថ្ងៃ៣កែវ គឺ១កែវម្តងបន្ទាប់ពីអាហារទាំង៣ពេល។

*ត្រូវតមផ្លែឈើដែលមានជាតិជ័រច្រើន អាហារខ្លាញ់ខ្លាំងច្រើន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*