បទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ​ជោគជ័យ

ការចិញ្ចឹមជ្រូកមេ
១. របៀបជ្រើសរើសពូជជ្រូក
ពូជជ្រូកដែលលោកពូទិញមកជាពូជជ្រូក មេថៃ ដោយទិញមកពីភូមិជិតខាង គឺភូមិធំថ្មី ។ ក្នុងការទិញនេះគាត់ជ្រើសរើសយកជ្រូកញីដែល មានលក្ខណៈដូចខាងក្រោម:
– សុខភាពល្អ
– ជើងមាំ និងខ្ពស់ល្មម
– មានដោះច្រើន និងមិនខ្វាក់
– ខ្នងមាំ រាងកោង ស្មាទូលាយ
លក្ខណៈពិសេសរបស់ជ្រូកនេះ គឺមានត្រចៀកធំ និងចិញ្ចឹមបានឆាប់ធំ ។


២. ទ្រុង
កន្លែងសង់ទ្រុង គឺនៅជាយភូមិចំងាយពីផ្ទះប្រហែល ១៥ ម៉ែត្រ ហើយមានដំបូលប្រក់ស្លឹក របងឈើ និងមានចាក់សាប បាតទ្រុងមានរាងទេរ ដើម្បីងាយសំអាតទ្រុង ។ ទ្រុងជ្រូកមានបណ្តោយ ៦ ម៉ែត្រ និងទទឹង ៣ ម៉ែត្រ ហើយខ័ណ្ឌជា ២ ផ្នែក ដែលមួយផ្នែកសម្រាប់ដាក់មេជ្រូក និងមួយទៀតសម្រាប់ដាក់ជ្រូកសាច់ ។ ក្រៅពីទ្រុងចិញ្ចឹមជ្រូក ត្រូវធ្វើទ្រុងដើម្បីទុកដាក់លាមកសន្សំធ្វើជីដាក់ដំណាំ។


៣. ចំណី និងទឹក
ចំពោះការផ្សំចំណីគឺបាយលាយជាមួយកន្ទក់ និងមានដាក់ត្រកួនផងដែរ ។ ចំពោះទឹក ប្រសិនគ្មានទឹកស្រះ ឬត្រពាំង អាចផ្តល់ទឹកអណ្តូងឲ្យផឹក។


៤. ការថែទាំ
ត្រូវយកចិត្តទុកដាក់ខ្លាំង ពិសេសពេលដែលមេជ្រូកមានផ្ទៃពោះ ព្រោះមេជ្រូកដែលផើមតែងតែជួបប្រទះការដង្ហក់ ។ ត្រូវថែទាំដូចជា
– ស្រោចទឹកលើខ្លួនវាឲ្យបានច្រើន និងដាក់ទឹកឲ្យវាផឹកឲ្យបានច្រើន
– ឲ្យស៊ីបន្លែត្រកួនដើម្បីប៉ូវជ្រូកឲ្យឆាប់ធំធាត់


– ដុសលាងសម្អាតទ្រុងជាប្រចាំ ១ ថ្ងៃ ៣ ដង
– ឲ្យស៊ីចំណីឲ្យបានទៀងទាត់ ។


សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
**អត្ថបទល្អបន្ថែម៖ វិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិ ចំណាយអស់តិច តែចំណេញច្រើន!
តោះទៅស្វែងយល់អំពីវិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិ ចំណាយអស់តិច តែចំណេញច្រើន! និងជួយចែករំលែកបន្តដល់ប្រជាកសិករយើងឱ្យបានដឹងផង

១. វត្ថុធាតុដើម៖
-ដើមចេក១០គីឡូ


-ត្រកួន១០គីឡូ


-អំបិលក្រួស

-ស្ករត្នោត២ខាំកន្លះ


-ទឹកស្អាត២លីត្រ។
២. វិធីធ្វើ៖
-លាយចូលគ្នា រួចផ្អាប់ទុក១អាទិត្យ ទើបយកមកឲ្យជ្រូកស៊ី។


**ពេលលាយឲ្យវាស៊ី
-ត្រូវយកចំណីដែលផ្អាប់ខាងលើ លាយជាមួយចំណីជ្រូក២ចាន កន្ទក់សមល្មម ម្សៅល្មៀត ម្សៅពន្លៃ ម្សៅដើមបណ្តូលពេជ្រ ដាក់១ស្លាព្រាក្នុងមួយមុខៗ វាជួយបង្ការជំងឺ និងជួយបណ្តេញសត្វល្អិត ដែលមករំខានសត្វចិញ្ចឹមរបស់យើង
-លាយទឹកសើមល្មម
-បរិមាណចំណីត្រូវសមស្របតាមជ្រូកអាចស៊ីឆ្អែត អាចប្រើសម្រាប់ជ្រូក១០គីឡូឡើងទៅ៕

អត្ថបទ៖ អ៊ាង សុផល្លែត

——————————–

អត្ថបទល្អបន្ថែម៖ វិធីសាស្រ្តក្នុងការការពារ និងថែទាំសុខភាពរបស់សត្វចំពោះបញ្ហាការប្រែប្រួសអាកាសធាតុ និងរៀនផលិតចំណីសត្វដោយខ្លួនឯង

វិធីសាស្រ្តក្នុងការការពារ និងថែទាំសុខភាពរបស់សត្វចំពោះបញ្ហាការប្រែប្រួសអាកាសធាតុ៖
១ – ម្ចាស់សត្វត្រូវធ្វើយ៉ាងណា ត្រូវជួយសំរួលឱ្យបរិយាកាសនៅក្នុងទ្រុងមានភាពសមរម្យទៅតាមតំរូវការរបស់សត្វដែលអាចឱ្យសត្វរស់នៅបាន។ ការងារទាំងនោះរួមមាន៖
ក- ត្រូវបាញ់ទឹកក្នុងទ្រុង (ជ្រូក) ឬ បាញ់ទឹកលើដំបូលរោង (ទាំងបក្សី និងជ្រូក)។

ខ- ត្រូវបង្កើនការផ្តល់ទឹកឱ្យបានច្រើនជាងមុន និងត្រូវឱ្យវាផឹកទឹកឱ្យបានច្រើនដើម្បីអាចកាត់បន្ថយការកើនឡើងកំដៅក្នុងខ្លួន បញ្ហាដង្ហក់ ឬការប្រកាច់។
គ- ចំពោះជ្រូកបើសិនជាអាចត្រូវមានកន្លែងលេងទឹក ឬដេកត្រាំ គ៏អាចជួយកាត់បន្ថយបានដែរ។
ឃ- បើទ្រុងមានការបិទបាំងជិតដោយគ្មានប្រព័ន្ធធ្វើឱ្យត្រជាក់ នៅក្នុងទ្រុងនោះទេ ម្ចាស់សត្វត្រូវបើកវាចេញ ឬធ្វើយ៉ាងណាឱ្យមានខ្យល់បានចូលខ្លះ ដើម្បីអាចជួយសំរួល និងអាចកាត់បន្ថយកំដៅបានខ្លះ។
២ – ចំពោះការប្រើប្រាស់ថ្នាំដើម្បីជួយកាត់បន្ថយ ឬទប់ទល់នឹងបញ្ហានេះរួមមាន៖
ក- ពេលព្រឹក៖
ត្រូវប្រើថ្នាំ អេឡិចត្រូលីត្រ (Electrolyte) ក្នុងទឹក សំរាប់ការពារ និងព្យាបាលភាពអេឡិចត្រូលីត្រដែល
បណ្តាលមកពីកង្វះជាតិទឹក ដែលមកពីអាកាសធាតុក្តៅខ្លាង។ ការបាត់បង់ជាតិទឹកនេះ វាធ្វើ ឱ្យសត្វចុះខ្សោយកំលាំង អន់ចំណី ដែលជាហេតុធ្វើឱ្យសត្វងាយនឹងឆ្លងនូវ ជំងឺផ្សេងៗ។


ម្យ៉ាងទៀត ថ្នាំនេះ វាអាចបំពេញជាតិទឹក នៅពេលសត្វរាកខ្លាំង បង្កើនភាពស៊ាំ និងកាត់បន្ថយស្រ្តេស
របស់សត្វ។
ខ- ពេលរសៀល៖
ត្រូវប្រើថ្នាំ វីតាមីនចំរុះ (Multivitamin) ក្នុងទឹកសំរាប់
បង្រ្គប់នូវកង្វះ វីតាមីន និងធ្វើឱ្យសត្វធំធាត់ល្អប្រសើរជាងមុន។ ម្យ៉ាងទៀតវា ជួយឱ្យសត្វមានកំលាំង មានភាពស៊ាំខ្ពស់ដើម្បីប្រឆាំងនឹងជំងឺ ដែលអាចឆ្លងមកសត្ចបានគ្រប់ពេល។

បើមានបញ្ហាដូចជា៖
សត្វមានបញ្ហាផ្លូវដង្ហើម ម្ចាស់សត្វត្រូវប្រើថ្នាំ បាយទ្រីល (Baytril) ក្នុងទឹក។ ថ្នាំនេះក៏អាចប្រើជាប្រចាំផងដែរ ជាពិសេសចំពោះអាកាសធាតុក្តៅបែបនេះ។

-ប្រើថ្នាំបញ្ចុះកំដៅ ចំពោះសត្វមានបញ្ហាក្តៅខ្លួន ប្រើថ្នាំអាម៉ុកស៊ីស៊ីលីន ដើម្បីប្រឆាំងការឆ្លងជំងឺ។


*សូមបញ្ជាក់សំរាប់កម្មវិធីនេះ អាចអនុវត្តបានទាំងការចិញ្ចឹម ជ្រូក មាន់ ទា គោប្រីជាដើម។ ការឱ្យចំណីឱ្យសត្វស៊ីច្រើនពេក ឬឆ្អែតពេក នៅពេលមានអាកាសធាតុក្តៅខ្លាំងបែបនេះ ក៏អាចបណ្តាលឱ្យសត្វងាយនឹងប្រកាច ឬដង្ហក់បានដែរ រហូតអាចបណ្តោយឱ្យសត្វស្លាប់ផងដែរ។ ការហាមបែបនេះ ពីព្រោះនៅក្នុងចំណីនៅស៊ីចូលវាបានបំឡែងជាកំដៅ ហើយអាកាសធាតុក្តៅផងនោះ។

ដូច្នេះសំពោធកំដៅពីខាងក្រៅផង និងមកពីខាងក្នុងខ្លួនផង ជាហេតុបណ្តាលឱ្យសត្វងាយនឹងប្រកាច ឬដង្ហក់។

អត្ថបទ៖ រៀនផលិតចំណីសត្វខ្លួនឯង

Leave a Comment

Your email address will not be published. Required fields are marked *

*