អ៊ីស្រាអែល ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតមួយក្នុងលោក និងល្បីល្បាញបំផុតខាងដំណាំកសិកម្ម ប៉ុន្តែបើយើងក្រលែកមកមើលទីតាំងភូមិសាស្ត្រនៃប្រទេសនេះវិញ ឃើញថាដីប្រមាណ៦០ភាគរយនៃផ្ទៃប្រទេសទាំងមូល គឺជាវាលខ្សាច់ដ៏ធំល្វឹងល្វើយ ហើយមានតែផ្ទៃដីប្រមាណតែ ២០ភាគរយប៉ុណ្ណោះដែលអាចដាំដុះដំណាំធ្វើកសិកម្មបាន។
តើវាលដ៏ធំល្វឹងល្វើយបែបនេះ អាចទៅរួចទេ ដែលជនជ្វីហ្វអាចធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅក្នុងលោកបាន? ជនជាតិជ្វីហ្វអាចកែប្រែដីខ្សាច់ឲ្យទៅជាដីដែលអំណោយផលដល់កសិកម្មលើស៣ដងនៃដីដែលមិនអំណោយផលពីមុន ហើយថែមទាំងមានសមត្ថភាពអាចផលិត ផលិតផលអាហារដោយខ្លួនឯងបានរហូតដល់ទៅ៩៥ភាគរយឯណោះ។
វាដូចជាអច្ឆរិយៈពេកហើយ ប៉ុន្តែសម្រាប់ជនជាតិអ៊ីស្រាអែលអាចធ្វើបាន បើមិនដូចនោះទេ កេរ្តិ៍ឈ្មោះរបស់ជនជាតិជ្វីហ្វមិនបានរីកសាយភាយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែរ ក្នុងគម្ពីររបស់ជនជាតិនេះ គ្មានទេពាក្យថា “មិនអាច ទៅមិនរួច ធ្វើមិនកើត” ។ ហេតុអ្វីជនជាតិជ្វីហ្វធ្វើរឿងដ៏អស្ចារ្យនេះបាន?
បើក្រឡែកទៅមើលសណ្ឋានដី គឺជាវាលខ្សាច់ដ៏ធំល្វឹងល្វើយ អាចការបញ្ជាក់ថា ប្រជាជននៅក្នុងទឹកដីនេះមិនមានធនធានធម្មជាតិ ពិសេសគឺទឹកសម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ពួកគេបាននោះទេ ដូច្នេះការប្រើប្រាស់ទឹកត្រូវប្រកបដោយការសន្សំសំចៃខ្ពស់ និងឈ្លាសវៃក្នុងការគ្រប់គ្រងទឹក ដែលការប្រើប្រាស់នេះគឺជាលក្ខណៈប្រព័ន្ធដាំដុះបែបតំណក់ទឹក (drip irrigation system) ត្រូវបានប្រើប្រាស់ក្នុងការដាំដុះដំណាំរបស់ពួកគេ។
ប្រព័ន្ធដាំដុះបែបតំណក់ទឹកនេះ គឺជាទម្រង់នៃការដាំដុះមួយបែប ដែលអាចសន្សំសំចៃទឹក ដោយធ្វើឲ្យទឹកហូរស្រោចស្រពដំណាំជាតំណក់ៗទៅលើផ្ទៃដីដំណាំ ឬចូលដោយផ្ទាល់ទៅក្នុងតំបន់ឫសរបស់ដំណាំ តាមរយៈបំពង់បង្ហូរ។ ប្រព័ន្ធដាំដុះមួយនេះបានជួយសន្សំសំចៃទឹកប្រមាណពី២៥ភាគរយរហូតដល់ទៅ៧៥ភាគរយ។
ការប្រើប្រាស់ទឹករបស់ជនជាតិនេះគឺហ្មត់ចត់ណាស់ មិនឲ្យខាតទឹកសូម្បីមួយដំណក់ឡើយ ទឹកដែលប្រើប្រាស់រួច គេអាចច្នៃវាយកមកប្រើឡើងវិញបាន។ ប្រមាណ៨៥ភាគរយនៃទឹកដែលបង្ហូរចូលទៅក្នុងលូទាំងអស់ ត្រូវបានយកទៅប្រើប្រាស់ឡើងវិញនៅក្នុងកសិកម្ម។
លក្ខណៈភូមិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល ដែលស្ថិតនៅលើមាត់ច្រាំងខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ បានធ្វើឲ្យប្រជាជនពួកគេលេចឡើងនូវគំនិតប្លែកៗដើម្បីទាញយកប្រយោជន៍ចេញពីទឹកសមុទ្រមកប្រើប្រាស់។ បច្ចេកវិទ្យាម្យ៉ាងដែលពួកគេប្រើប្រាស់នោះត្រូវបានគេហៅថា reverse osmosis technology ដែលជាការធ្វើបន្សុទ្ធទឹកសមុទ្រ ដោយដកយកជាតិអំបិលចេញ ដើម្បីឲ្យក្លាយជាទឹកដែលអាចប្រើប្រាស់បាន។