N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។
-N= Nitrogen នីត្រូសែន ឬអាសូត
-P= Phosphorus ផូស្វ័រ
-K= Potassium ប៉ូតាស្យូម
១. មុខងារ និងសារៈសំខាន់នៃ N.P.K
ក- មុខងាររបស់អាសូត N: អាហារបំរុងដើម ស្លឹក និងមែក
– ជួយធ្វើអោយដើម និងស្លឹករុក្ខជាតិដុះលូតលាស់បានល្អ ហើយឆាប់រហ័ស និងផ្តល់ទិន្នផលខ្ពស់
– ចំពោះស្រូវធ្វើអោយបែកគុម្ពច្រើន (ការប្រើច្រើនចំពោះពូជស្រូវក្នុងស្រុកធ្វើអោយដើមខ្ពស់ត្រូវទ្រោប ឬដួល និងទិន្នផលថយចុះ)
– ការប្រើជាតិអាសូតនេះច្រើនពេក នាំអោយផ្លែរុក្ខជាតិក្រទុំ
– ចំពោះស្រូវវិញ គឺទុំមិនស្រុះគ្នា គេហៅថាស្រូវបណ្តើរកូន ។
– ចំពោះដំណាំបន្លែយកស្លឹក ត្រូវការចាំបាច់ជាតិអាសូតនេះណាស់ ព្រោះជាតិអាសូតមានមុខងារសំខាន់ក្នុងការបង្កើនស្លឹក (ជីអាសូតនៅក្នុងរុក្ខជាតិ គឺរុក្ខជាតិអាចស្រូបបាន)។ ឯពពួកសណ្តែក ទន្ទ្រាំងខែត្រ លាមកទា ប្រសិនដាក់ធ្វើជាជីមិនអាចធ្វើអោយរុក្ខជាតិស្រូបបានភ្លាម ទេលុះត្រាតែធម្មជាតិទាំងនោះពុកផុយប្រែក្លាយទៅជាអាសូតនីទ្រិច ទើបរុក្ខជាតិយកបាន ឆាប់រហ័ស ។
-កង្វះជាតិអាសូត (N) ធ្វើឲ្យរាំងស្ទះដល់ការលូតលាស់របស់រុក្ខជាតិ ទាំងផ្នែកខាងក្រោម និងខាងលើ ដូច្នេះហើយវាបន្ថយទិន្នផលប្រចាំឆ្នាំ។ ផ្ទុយទៅវិញបើនៅក្នុងដីមាន សមាសធាតុអាសូត (N) ច្រើនហួសហេតុពេកវានឹងបង្កើនឲ្យមានការលូតលាស់ផ្នែកមែក ស្លឹក ហើយទន្ទឹមនឹងនោះវាក៏បន្ថយការចេញ ផ្លែ ផ្កាដែរ ។
ជីអាសូតនៅក្នុងជីគីមីមាន ៖
– ស៊ុលហ្វាត អាម៉ូនីញ៉ូម (ប្រើច្រើនធ្វើអោយដីជូ) : ប្រើលើបន្លែ N = 20% – 21% ។
– ជីអ៊ុយរេ N = 45% – 46% ប្រើបានលើដីគ្រប់ប្រភេទ និងគ្រប់ដំណាំ ។
ខ- មុខងាររបស់ផូស្វ័រ (P2O5)= អាហារបំរុងឫស ផ្កា ផ្លែ និងជាយានសំរាប់ចំលងថាមពល
ជំនួយរុក្ខជាតិដុះលូតលាស់ល្អ ឆាប់ចាប់ឫស ដើមរឹងមាំ ផ្កា ផ្លែច្រើន និងទទួលបានទិន្នផលខ្ពស់។
-បើដាំស្រូវវិញធ្វើឲ្យផ្លែច្រើន គ្រាប់ពេញល្អ មិនសូវមានសន្តីស្រូវ មិនងាយដួលរលំ ហើយធន់នឹងជំងឺ។
ធ្វើឲ្យផ្លែរុក្ខជាតិឆាប់ទុំ ។
-ចំពោះឈើហូបផ្លែ ធ្វើឲ្យមានផ្លែច្រើន ហើយរស់ជាតិផ្អែមឆ្ងាញ់ ។
-ជាយាន និងថាមពលសំរាប់ជីវជាតិផ្សេងៗក្នុងការស្រូបយកជីជាតិក្នុងដីផ្តល់ទៅអោយស្លឹក ផ្កា និងដើមផូស្វ័រ (P2O5)
-ក្នុងករណីខ្វះជាតិផូស្វ័រ ការលូតលាស់ផ្នែកមែក ស្លឹកត្រូវថយចុះ ហើយបើមានជាតិផូស្វ័រច្រើនហួសហេតុពេក វាធ្វើឲ្យផ្លែឆាប់ទុំមុនកាលកំណត់ និងធ្វើឲ្យដីខ្វះ ជាតិ ប៉ូតាស្យូម ដែក ស័ង្កសី ។
ផូស្វ័រនៅក្នុងរុក្ខជាតិ ៖
-ដើមខ្ចីនៃរុក្ខជាតិ
-ជីវជាតិផូស្វ័រនៅក្នុងជីគីមី
-ជីផូស្វ័រទូកមាស P=20%
-ជីស៊ុបពែផូស្វាត P=18%
គ- មុខងាររបស់ប៉ូតាស្យូម K : សំរាប់មើម
– ធ្វើឲ្យរុក្ខជាតិ ដុះលូតលាស់បានល្អ
– ផ្លែដាក់គ្រាប់ពេញៗ
– បើរុក្ខជាតិមើម K ធ្វើឲ្យមើមធំហើយច្រើន ពិសេសមានទំងន់ធ្ងន់
– ជួយសំរួលដល់ការស្រូបយកជីជាតិ N
– ជួយអោយរុក្ខជាតិធន់ទ្រាំ N និង P ការអាំងថ្ងៃ ឬស្ងួតបានល្អ
– ជួយអោយរុក្ខជាតិធន់នឹងជំងឺយ៉ាងល្អ
-ប៉ូតាស្យូម (K2O) ក្នុងករណីខ្វះជាតិប៉ូតាស្យូម (K) នៅចុងស្លឹក និងគែមស្លឹកមានពណ៌ប្រផេះ ហើយស្លោករួចងាប់ នៅលើស្លឹកជារាងរង្វង់តូចៗ ។ ករណីនេះបណ្តាលឲ្យដំណាំមានផ្លែតូចៗ។
-ក្នុងករណីដែលមានសមាសធាតុប៉ូតាស្យូមច្រើនហួសពេក រុក្ខជាតិពុំមានលទ្ធភាពស្រូបយកកាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់កាណែស (Mn) ជាដើមបានឡើយ។
+ ដំណាំដែលត្រូវការជីជាតិ K ច្រើនមាន៖
– ដំណាំយកមើម (ដំឡូង)
– ដំណាំស្ពៃ ប៉េងប៉ោះ
– ដំណាំអំពៅ ម្នាស់ ចេក ដូង ស្លា
+ ដំណាំដែលត្រូវការជីជាតិ K មធ្យមមាន៖
– សណ្តែកដី ល្ហុងខ្ញែរ ល្ង
ជីប៉ូតាសមាននៅក្នុងដើមរុក្ខជាតិ៖
– ផ្នែកនៅខ្ចី
ជីប៉ូតាសនៅក្នុងគីមី
– ស៊ុលហ្វាតប៉ូតាស មាន 48%
– ជីការបូណាត មាន 46%
– ក្លរៀប៉ូតាស្យូមមាន 60%
ចំណាំ : K ប្រើបានទៅលើដំណាំគ្រប់ប្រភេទ លើកលែងតែដំណាំថ្នាំជក់
សារធាតុបន្ទាប់បន្សំ ដែលរុក្ខជាតិត្រូវការមាន :
– ស្ពាន់ធ័រ (S) 1.5% មាញ៉េស្យូម (MgO) 0.35% កាល់ស្យូម (CaO) 0.25% មីក្រូសារធាតុ
– ស័ង្កសី (Zn) ដែក (Fe) ទង់ដែង (Cu) ម៉ង់កាណែស (Mn) បរ (B) ម៉ូលីដែន (Mo) ក្លរ (Cl) ដែលស្ថិតនៅទំរង់សមាស និងទំរង់អំបិល ។
ខាងលើនេះយើងចង់បាន N P K តាមរយៈប្រតិកម្មគីមី ហៅថា ជីគីមី។ សំណល់ដែលសល់ក្រោយប្រតិកម្មគីមីនេះហើយ ដែលធ្វើឲ្យដីរបស់លោករឹង ហើយក្លាយជាដីខុសពីសភាពដើមម្តងបន្តិចរហូតដល់ប្រើលែងកើត។ វាផ្ទុយពីការប្រើប្រាស់ជីតាមប្រព័ន្ធ អ៊ី អ៊ិក្ស អិម ដែល N P K បានមកពីការបញ្ចេញចោលរបស់បាក់តេរីល្អ ហើយខ្លួនវាបានប្រឹងបញ្ចេញអង់ស៊ីម ដែលមាននាទីសំខាន់នៅក្នុងរុក្ខជាតិ ។
ប្រភពដែលអាចទាញយកបាន N.P.K មាន៖
N=អាសូត | P=ផូស្វ័រ | K=ប៉ូតាស្យូម |
នៅក្នុងដី | សំបកផ្លែគរ | |
នៅក្នុងដើមរុក្ខជាតិ និងស្លឹក | នៅក្នុងរុក្ខជាតិ | កំពុកដើមចេក |
នៅក្នុងឫស ឧ. ពពួកសណ្តែក | ផេះឆ្អឹង ផេះឈើ | ផេះឈើ ជាពិសេសផេះដើមឈើខ្ចីៗ |
ក្នុងជាលិការសត្វ | ម្សៅត្រី | ផេះអង្កាមក្នុងដី |
រុក្ខជាតិមានជាតិអាសូតច្រើនដូចជា | ||
– អង្កាដី អង្កាញ់ ស្នោរ | ||
– សណ្តែកបាយ | ||
– សណ្តែកខ្មោច | ||
– ទន្ទ្រាំងខែត | ||
ជាតិអាសូតក៏មាននៅក្នុង | ||
– ទឹកនោម | ||
– អាចម៍ប្រចៀវ | អាចម៍ប្រចៀវ | អាចម៍ប្រចៀវ |
– កាកសណ្តែក | កាកសណ្តែក | |
– លាមកគោ ក្របី ជ្រូក មាន់ ទា … | អាចម៍គោ ក្របី ជ្រូក មាន់ ទា | លាមកគោ ក្របី ជ្រូក មាន់-ទា |
– កាកសំណល់សល់ពីផ្ទះបាយ | កាកសំណល់សល់ពីផ្ទះបាយ | កាកសំណល់សល់ពីផ្ទះបាយ |
ការគិតជាភាគរយនៃអាសូត ផូស្វ័រ ប៉ូតាស្យូម ដែលមាននៅក្នុងសារជាតិផ្សេងៗ
លេខ | ឈ្មោះសារធាតុ | អាសូត (N) | ផូស្វ័រ (P) | ប៉ូតាស្យូម (K) |
១ | ជីលាមកគោ | ១ | ០,២៣ | ០,៩ |
២ | ជីលាមកជ្រូក មាន់ ទា | ៥ | ៣ | ១ |
៣ | ផេះអង្កាម | ០ | ០ | ១០ |
៤ | ផេះឈើ | ០ | ៥ | ២៧ |
៥ | ផេះ ឆ្អឹង | ០ | ៣៥ | ០ |
៦ | អាចម៍ប្រចៀវ | ៨ | ៥ | ១ |
៧ | កាកសំណល់ពីផ្ទះបាយ | ២ | ៣ | ១ |
៨ | ទន្ទ្រាំងខែត | ៣ | ១ | ០ |
៩ | ម្សៅត្រី | ៩ | ៧ | ០ |
១០ | ម្សៅកាកសណ្តែកដី | ៧ | ១ | ១ |
១១ | ចំបើង | ០,៦ | ០,១ | ១,៥ |
១២ | ជីផ្អាប់ស្មៅស្ងួត | ១,២៣ | ១,២៦ | ០,៧៦ |
១៣ | ជីផ្អាប់ពីកំប្លោក | ១,៤៣ | ០,៤៨ | ០,៤៧ |
១៤ | ជីផ្អាប់ពីស្លឹកអំពិលទឹកបារាំង | ១,៤៥ | ០,១៩ | ០,៤៩ |
១៥ | ជីផ្អាប់ពីសំរាមក្រុង | ១,៥២ | ០,២២ | ០,១៨ |
១៦ | ជីផ្អាប់ពីចំបើង | ០,៨៥ | ០,១១ | ០,៧៦ |
១៧ | ជីអង្កាមរស់ | ១,៦៤ | ០,៩៣ | ០,៩ |
១៨ | ជីបំប៉ន | ២,៦២ | ០,៦ | ១,៣២ |
អត្រាភាគរយ N P K ដែលបានមកពីការយកកាកសំណល់ទៅផ្អាប់
ប្រភេទជីផ្អាប់ | អិន (N) | ប៉េ (P) | កា (K) |
ជីផ្អាប់ពីសំរាមក្រុង | ១.៥២ | ០.២២ | ០.១៨ |
ជីផ្អាប់ស្មៅស្ងួត | ១.២៣ | ១.២៦ | ០.៧៦ |
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកក្របី | ០.៨២ | ១.៤៣ | ០.៥៩ |
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកគោ | ២.៣៣ | ១.៧៨ | ០.៤៦ |
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកពពែ | ១.១១ | ៤.០៤ | ០.៤៨ |
ស្មៅផ្អាប់ បូក ឆ្អឹងម៉ត់ បូក លាមកសេះ | ០.៨២ | ២.៨៣ | ០.៣៣ |
ស្មៅផ្អាប់ពីស្លឹកអំពិលទឹកបារាំង | ១.៤៥ | ០.១៩ | ០.៤៩ |
ជីផ្អាប់ពីចំបើង | ០.៨៥ | ០.១១ | ០.៧៦ |
ជីផ្អាប់ពីចំបើង បូក លាមកមាន់ | ១.០៧ | ០.៤៦ | ០.៩៤ |
ជីផ្អាប់ពីចំបើង បូក លាមកគោ | ១.៥១ | ០.២៦ | ០.៩៨ |
ជីផ្អាប់ពីចំបើង បូក លាមកទា | ០.៩១ | ១.៣ | ០.៧៩ |
ជីផ្អាប់កំប្លោក | ១.៤៣ | ០.៤៨ | ០.៤៧ |
ជីផ្អាប់ពីកំប្លោក បូក លាមកជ្រូក | ១.៨៥ | ៤.៨១ | ០.៧៩ |
ជីសរីរាង្គ (ក្រុង) បែបទន់ជ្រាយ | ០.៩៥ | ៣.១៩ | ០.៩១ |
ជីសរីរាង្គ (ក្រុង) បែបកណ្តាល | ១.៣៤ | ២.៤៤ | ១.១២ |
ជីសរីរាង្គ (ក្រុង) បែបខ្លាំង | ១.៤៨ | ២.៩៦ | ១.១៥ |
———