ការយល់ដឹងអំពីជំងឺរលាកសាច់បំពង់ក

ថុនស៊ីល ជាជាលិកាឡាំហ្វូអ៊ីដ ដែលស្ថិតនៅក្នុងបំពង់ក។ ជាលិកាឡាំហ្វូអ៊ីដ ជាផ្នែកនៃប្រព័ន្ធការពាររាងកាយ ដែលមុខចម្បងរបស់វា គឺការពាររាងកាយពីការឆ្លងរោគ។ មានប្រភេទថុនស៊ីលផ្សេងៗ  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលមិនបានបញ្ជាក់ ពាក្យថាថុនស៊ីល គឺសំដៅជាពិសេសទៅលើ ថុនស៊ីលដែលមានឈ្មោះថា ប៉ាឡាទីន ដែលស្ថិតនៅសងខាង នៃផ្នែកខាងក្រោយ នៃបំពង់ក។

ថុនស៊ីលជាពាក្យអង់គ្លេស។ ជាភាសារបារាំងគេហៅថា អាមីដាល់។ ជំងឺរលាកថុនស៊ីល គឺជាការរលាកថុនស៊ីល។ វាជាញឹកញាប់កើតលើក្មេងក្នុងវ័យដែលត្រូវចូលរៀន។ រោគសញ្ញាអាចមានដូចជា៖

-ឈឺបំពង់ក


-ក្តៅខ្លួន
-ការរីកធំ នៃថុនស៊ីល
-ពិបាកលេប


-និងមានកូនកណ្តុររីកធំនៅជុំវិញបំពង់ក

ជំងឺរលាកថុនស៊ីល បណ្តាលមកពីវីរុស និង បាក់តេរី ជាចម្បង។ ការឆ្លងរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ គឺតាមរយៈខ្យល់។ ការបញ្ជាក់អំពីរោគវិនិច្ឆ័យ គឺអាចធ្វើឡើងតាមរយៈការផ្តិតបំពង់ករយកទៅពិនិត្យ ឬក៏ តាមរយៈការធ្វើតេស្តរហ័ស រកមើលមេរោគ ស្រ្តឹបតូកូក។

គោលបំណង នៃការព្យាបាល គឺបន្ធូរបន្ថយរោគសញ្ញា និង កាត់បន្ថយផលលំបាក ដែលរួមមាន ការករខ្ទុះនៅជុំវិញថុនស៊ីល និង ការឆ្លងរោគញឹកញាប់។ ថ្នាំប៉ារ៉ាសេតាម៉ុល និង អ៊ីប៊ុយប្រូហ្វែន អាចត្រូវបានគេប្រើ ដើម្បីជួយបន្ថយការឈឺចាប់។ បើសិនរកឃើញមានមេរោគស្រ្តឹបតូកូក គេណែនាំឲ្យប្រើប្រាស់ថ្នាំផ្សះតាមមាត់។

ចំពោះកូនក្មេងដែលកើតជំងឺរលាកថុនស៊ីលញឹកញាប់ ការវះកាត់យកថុនស៊ីលចេញ ជួយបន្ថយមួយកម្រិត ការប្រឈម នឹងការកើតឡើងវិញនៅពេលក្រោយ។

ប្រភពៈ វេជ្ជបណ្ឌិត សេង ប៊ុនដេត

Leave a Comment

Your email address will not be published. Required fields are marked *

*