អ្នកស្រី​សូ សា​វឿ​ន ជា​អ្នក​ច្រៀងចង្វាក់​សា​រ៉ា​វ៉ា​ន់ ដំបូង​គេ​នៅ​កម្ពុជា

អ្នកស្រី​សូ សា​វឿ​ន មាន​ថ្ងៃ ខែ ឆ្នាំ​កំណើត​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​១៩៤៥ និង​កន្លែង​កំណើត​​​ឃុំ​បឹង​ងោង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ លោក​សូ ប៉ុក អតីត​ទាហាន​ជំនាន់​ខ្មែរឥស្សរៈ និង​អ្នកស្រី​តាត វិល ជា​ឪពុក​ម្តាយ​របស់​អ្នកស្រី​សូ សា​វឿ​ន ។ បងប្អូន​បង្កើត​របស់​អ្នកស្រី​សូ សា​វឿ​ន មាន​តែ​២​នាក់​ប៉ុណ្ណោះ ។

លូតលាស់​ពី​វង់​ល្ខោនបាសាក់​ក្លាយជា​អ្នកចម្រៀង​សម័យ​ដោយ មាន​ឪពុកធំ​ស្នាក់​នៅ​ដំណាក់​លោក​ឃុន តាក ដែល​ជា​ថៅកែ​ល្ខោនបាសាក់​នោះ អ្នកស្រី​សូ សា​វឿ​ន បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ទី​នោះ​ដែរ​។ អ្នកស្រី​សូ សា​វឿ​ន បាន​ចូល​ជា​សមាជិក​ក្រុម​ល្ខោនបាសាក់​ផ្សារ​ស៊ីឡឹប នៅ​រាជធានី​ភ្នំពេញ ។ ទីនោះ​ហើយ​ដែល​ជា​មាគ៌ា​នាំ​ជីវិត​អ្នកស្រី​សូ សា​វឿ​ន ក្លាយជា​បុគ្គល​ល្បីឈ្មោះ​នា​ពេល​ក្រោយ តាម​រយៈ​អាជីព​ចម្រៀង​សម័យ ។

លោក កែវ ឯម ជា​តន្ត្រីករ និង​ជា​អ្នក​សម្រួល​តន្ត្រី​មានឈ្មោះ​ល្បី​មួយ​រូប ក្នុង​ពិភព​សិល្បៈ​ចម្រៀង​សម័យ​បាន​ពេញចិត្ត​ចំពោះ​ទឹកដម​សំឡេង​របស់ អ្នកស្រី​សូ សា​វឿ​ន ។ អ្នកស្រី​សូ សា​វឿ​ន បាន​ហាត់រៀន​ផ្នែក​ចម្រៀង​សម័យ​ក្រោម​ការ​បង្ហាត់បង្រៀន​បណ្តុះបណ្តាល​ពី លោក​កែវ ឯម ។ ដោយ​មាន​ទឹកដម​សំឡេង​ល្អ និង​ទេព​កោសល្យ​ពី​ធម្មជាតិ អ្នកស្រី​សូ សា​វឿ​ន បាន​លូតលាស់​បែក​ត្រួយ​ពី​វង់​ល្ខោន​ទៅ​ជា​អ្នកចម្រៀង​សម័យ ។ ក្នុង ជីវិត​ជា​អ្នកចម្រៀង​អ្នកស្រី​សូ សា​វឿ​ន បាន​ដុះ​ពន្លក​ក្នុង​ក្រុម​តន្ត្រី​យោធា​ភិ​រម្យ ។

អ្នកចម្រៀង​ក្នុង​ក្រុម​តន្ត្រី​យោធា​ភិ​រម្យ​ស្រករ​គ្នា​នឹង​អ្នកស្រី​សូ សា​វឿ​ន មាន​អ្នក​ម្នាង​សៀង ឌី​, អ្នកស្រី​ឈួ​ន ម៉ា​ឡៃ​, អ្នកស្រី​ឈុ​ន វ​ណ្ណា និង​អ្នកស្រី ម៉ៅ សា​រ៉េ​ត ។ អ្នកស្រី​សូ សា​វឿ​ន បាន​រំលេច​ជីវិត​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​មាន​ភាព​លេចធ្លោ​ប្រដំប្រសង​នឹង អ្នកចម្រៀង ផ្សេង​ៗ​នា​ជំនាន់​ជាមួយ​គ្នា​នោះ ។

២-ជា​អ្នក​ច្រៀង​ចង្វាក់​ប្រជាប្រិយ​សា​រ៉ា​វ៉ា​ន់​មុនគេ ៖ តាម រយៈ​បទ​ចម្រៀង «​ឱ​!​ពពេច​ចៀប​» ស្នាដៃ​និពន្ធ​របស់​លោក​វ៉ែន សុ​ន អ្នកស្រី​សូ សា​វឿ​ន គឺជា​អ្នក​ច្រៀង​បទ​ចង្វាក់​ប្រជាប្រិយ​សា​រ៉ា​វ៉ា​ន់​ដំបូង​គេ​នៅ​ប្រទេស កម្ពុជា ។

បទ​ចម្រៀង «​ឱ​ពពេច​ចៀប​» ថត​ផ្សាយ​ដោយ​ក្រុម​តន្ត្រី​រាជ​តម្រួត​ភិ​រម្យ​នៅ​ពេល​ដង្ហែ​ព្រះមហា​ក្សត្រ ព្រះ​នរោត្តម សីហ​នុ ពេល​យាង​ទៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ អ្នកនិពន្ធ ទំនុកច្រៀង​សម្រាប់​អ្នកស្រី​សូ សា​វឿ​ន ក្រៅពី​លោក​វ៉ែន សុ​ន មាន​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លោក​ម៉ា ឡៅ​ពី និង​លោក​ស្វាយ​សំ​អឿ​ជាដើម ។

៣-ងារ​អ្នកចម្រៀង​សំឡេង​រៃកណ្តឹង ៖ ទឹកដម សំឡេង​គ្រលួច​ស្រួយ​ស្រេះ​ញ៉ាំង​ឱ្យ​អ្នកស្រី​សូ សា​វឿ​ន ទទួល​បាន​ងារ​ជា «​អ្នកចម្រៀង​សំឡេង​រៃកណ្តឹង​» ។ លោក​ម៉ា ឡៅ​ពី ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ដ៏​ល្បីឈ្មោះ គឺជា​អ្នក​ប្រសិទ្ធ​នាម​ងារ «​អ្នកចម្រៀង​សំឡេង​រៃកណ្តឹង​» នេះ​ជូន​អ្នកស្រី​សូ សា​វឿ​ន ។ ទឹកដម សំឡេង​ពីរោះ​គ្រលួច​ស្រួយ​ស្រេះ​ពី​ធម្មជាតិ​របស់​អ្នកស្រី​សូ សា​វឿ​ន មានការ​លើក​ឡើង​ថា អ្នកចម្រៀង​ដទៃ​ពិបាក​នឹង​ច្រៀង​ត្រាប់​តាម​អ្នកស្រី​បាន ។

Leave a Comment

Your email address will not be published. Required fields are marked *

*