សូមស្វែងយល់ពី ជំងឺពោះវៀនស្អិត ឬស្អិតពោះវៀន ជាមុនសិន
-ជំងឺពោះវៀនស្អិតជាអ្វី?
ពោះវៀនស្អិតគឺជាជំងឺវះកាត់បន្ទាន់ ហើយមិនមែនកើតឡើងដោយឯងៗនោះទេ ភាគច្រើនកើតមានចំពោះលោកអ្នក មួយចំនួនក្រោយពេលធ្វើការវះកាត់រយៈពេលពីរឬបីឆ្នាំ បណ្ដាលឱ្យពោះវៀននេះស្អិត ប្រសិនបើមិនធ្វើការព្យាបាល ឬយកចិត្ដទុកដាក់ថែរក្សា ដោយប្រើប្រាស់ថ្នាំសង្កូវផ្សេងៗនោះទេ។ ជំងឺនេះក៏កើតមានចំពោះកុមារ ឬមនុស្សវ័យជំទង់ផងដែរ ប៉ុន្ដែមានតិចតួចណាស់។
-មូលហេតុបណ្ដាលឱ្យពោះវៀនស្អិត
ជំងឺពោះវៀនស្អិតច្រើនតែបណ្ដាលមកពីវះកាត់ពោះវៀនម្ដងរួចមកហើយ ដោយសារតែពោះវៀនមានស្លាកស្នាមងាយនឹង រត់ទៅរកភាពផ្សារគ្នា ហើយក៏នឹងងាយធ្វើឱ្យប៉ះទៅលើសរីរាង្គផ្សេងៗដោយបង្កឱ្យស្អិត។ នៅពេលដែលស្អិតហើយបានបង្កឱ្យពោះវៀនរមួល វាធ្វើឱ្យស្ទះពោះវៀនដោយស្វ័យប្រវត្ដិ។ ក្រោយពេលពោះវៀនស្ទះហើយក៏បង្កើតបញ្ហាបន្ថែមទៀត គឺធ្វើឱ្យលោកអ្នកបត់ជើងធំមិនបាន ហើយខ្យល់លែងដើរ ទល់ផោម បណ្ដាលឱ្យពោះវៀនដែលស្ទះនោះរីកធំបណ្ដាលឱ្យលោកអ្នកចុកពោះ ហើមពោះ ព្រមទាំងក្អួតទៀតផង។ ម្យ៉ាងទៀតជំងឺស្អិតពោះវៀននេះក៏កើតមានចំពោះលោកអ្នកដែលមិនធ្លាប់វះកាត់ដែរ គឺដោយសារមានជំងឺរលាកពោះវៀន ហើយពុំបានយកចិត្ដទុកដាក់ព្យាបាលឱ្យបានដិតដល់ ក៏អាចបណ្ដាលឱ្យពោះវៀនស្អិត។ សូមបញ្ជាក់ថា ជំងឺពោះវៀនស្អិតច្រើនកើតមានក្រោយពេលវះកាត់។
-រោគសញ្ញាជំងឺស្អិតពោះវៀន
រោគសញ្ញាជំងឺស្អិតពោះវៀន មានដូចជាអាការទល់ផោម ទល់លាមក ចុកពោះ ហើមពោះ ជាពិសេសក្អួត។ ប៉ុន្ដែលោកអ្នក ត្រូវចងចាំថា រោគសញ្ញាដែលបង្ហាញដំបូងនោះ អ្នកជំងឺមានអាការចុកពោះ បន្ទាប់មកហើមពោះ ឬក្អួត។ ហើយបន្ដមកទៀតនោះគឺ ទល់ផោម ទល់លាមក សញ្ញាទាំងនេះហើយដែលបង្ហាញថា លោកអ្នកប្រាកដជាមានជំងឺស្អិតពោះវៀនហើយ។ ម្យ៉ាងទៀតរោគសញ្ញាបែបនេះ លោកអ្នកមួយចំនួនក៏អាចមានការភាន់ច្រឡំ ព្រោះអាចបណ្ដាលមកពីរមួលពោះវៀន។ មួយទៀតអាចបណ្ដាលមកពី ពោះវៀនលូនចូលពោះវៀនខ្លួនឯង ក៏បង្ហាញអាការបែបនេះដែរ។ ម្យ៉ាងទៀតមានដុំក្នុងពោះវៀនក៏ធ្វើឱ្យពោះវៀនលែងដំណើរការ ក៏បណ្ដាលឱ្យស្ទះផោម ទល់លាមក ហើមពោះ ស្រដៀងនឹងអាការដែលពោះវៀនមួយចំនួនបានធ្លាក់ចូលពងស្វាស។
រូបមន្តឱសថធម្មជាតិសម្រាប់ព្យាបាលស្អិតពោះវៀន រលាកពោះវៀន និងឈាមក្តៅមិនមានកូន
រុក្ខជាតិឱសថ៖ ស្លឹកតយ និងស្លឹកត្រសក់ស្រូវ
វិធីធ្វើ និងប្រើប្រាស់
-បេះស្លឹកតយ៣ធាង ស្លឹកត្រសក់ស្រូវ៣សន្លឹកម្តង
យកមកបុកច្របាច់លាយទឹកអង្ករមួយកែវ ហើយច្រោះឲ្យស្អាត
-ហូប១ថ្ងៃ៣កែវ គឺ១កែវម្តងបន្ទាប់ពីអាហារទាំង៣ពេល។
*ត្រូវតមផ្លែឈើដែលមានជាតិជ័រច្រើន អាហារខ្លាញ់ខ្លាំងច្រើន។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត