ក្នុងការធ្វើស្រែកសិករតែងតែជួបនៅកត្តាចង្រៃផ្សេងៗមកបំផ្លាញដំណាំស្រូវ ពិសេសគឺពពួកស្រូវប្រាំង។ ថ្ងៃនេះយើងសូមលើកយកពីបញ្ហាមួយដែលកសិករតែងជួបប្រទះនៅដំណាក់កាលស្រូវនៅអាយុខ្ចី(សំណាប)គឺ
ទ្រីប។
ទ្រីប គឺជាសត្វល្អិតមានមាឌតូចឆ្មារស្ដើង និងខ្លួនទន់ អាចមើលឃើញដោយពុំចាំបាច់មានកែវពង្រីកជាជំនួយ ។ ទ្រីបពេញវ័យមានរាងតូចពណ៌ត្នោតខ្មៅ (រូប ៩.២៦ក) ។ ទ្រីបនេះ ខ្លះមានស្លាប ខ្លះគ្មានស្លាបទេ ។ ប្រសិនបើមានស្លាប ស្លាបទាំងពីរគូនោះមានរាងទ្រវែងតូច ហើយមានរោមវែងនៅតាមគែមជុំវិញ ។ ទ្រីបពេញវ័យញីជម្រុះពងរបស់វាទៅក្នុងជាលិកាស្លឹកដោយប្រដាប់បញ្ចេញពង (Ovipositor) ។ កូនញាស់ដែលទើបនឹងញាស់មានពណ៌ស និងគ្មានស្លាប (រូប ៩.២៦ខ) ។ កូនញាស់នេះប្រែពណ៌ជាក្រមៅនៅពេលវាមានវ័យចំណាស់ (រូប ៩.២៦គ) ។ ទ្រីបមានវត្តមាននៅគ្រប់បរិស្ថានដំណាំស្រូវ ប៉ុន្តែវាកើតមានច្រើននៅពេលអាកាសធាតុក្ដៅស្ងួត ។ ជារឿយៗនៅរដូវប្រាំង ដំណាំស្រូវទទួលរងការបំផ្លាញដោយសារទ្រីបក្នុងវគ្គលូតលាស់ ។ កូនញាស់ និងសត្វពេញវ័យស៊ីរូសស្លឹកធ្វើឲ្យស្លឹកស្ងួត បន្ទាប់មកប្រែជាពណ៌ត្នោត ។ ចំពោះស្រូវចម្ការ ឬថ្នាលសំណាបស្ងួត មានរោគសញ្ញាផ្សេងពីនេះ គឺស្លឹកដែលរងការស៊ីបំផ្លាញដោយទ្រីបឡើងរមូរ។ ដំណាក់កាលផ្សេងៗគ្នារបស់ទ្រីប និងស្នាមស៊ីបំផ្លាញពណ៌លឿង។
ទ្រីបគឺជាពពួកសត្វល្អិតតូចៗ ដែលពិបាកមើលឃើញដោយភ្នែកទទេ ដែលកសិករនិយមហៅក្រា នៅ លើសំណាប ។ វាច្រើនកើតមាននៅលើសំណាប សន្ទូងដែលទើបនឹងស្ទូងរួច និងនៅពេលស្រូវចេញផ្កា ។ ការផ្ទុះឡើងនៃការបំផ្លាញរបស់ទ្រីប ជាធម្មតាមានកម្រិតទាប និងដោយសារវាបំផ្លាញដំណាំស្រូវតែ នៅដំណាក់កាលដំបូងធ្វើឱ្យដំណាំអាចដុះលូតលាស់បំពេញសងការខូចខាតនេះបាន ។ រយៈពេលរាំងស្ងួត គឺជាពេល ដែលទ្រីបចូលចិត្តបំផ្លាញបំផុត ។ នៅពេលដែលមានភ្លៀងខ្លាំង ធ្វើឱ្យទ្រីបធ្លាក់ចុះពីស្លឹកស្រូវហើយងាប់ ។
មេទ្រីបមានពណ៌ត្នោតក្រម៉ៅ ដងខ្លួនតូចទ្រវែង ច្រើនរស់នៅរមូរចុងស្លឹក ។ ពងវាពណ៌សខាប់ដោត នៅលើផ្ទៃស្លឹក ដែលអាចញាស់ក្នុងរយៈពេល ៣ថ្ងៃ ។ ដង្កូវពណ៌លឿង ជញ្ជក់ផ្ទៃស្លឹកផ្នែកខាងលើ ។ ពេលដង្កូវ ពេញវ័យ វាឈប់ជញ្ជក់ស្លឹកស្រូវ ហើយខ្លួនវាក្លាយទៅជាពណ៌ត្នោតក្រម៉ៅ សម្ងំក្នុងរមូរស្លឹកស្រូវ ក្លាយទៅ ជាដឹកឌឿ ។
មេ និងដង្កូវបំផ្លាញស្លឹកស្រូវ ធ្វើឱ្យស្លឹកស្រូវស្ងួត និងរមូរចុងស្លឹក ។ ថ្នាលសំណាបដែលទទួលរងការបំផ្លាញ គេសង្កេតឃើញឡើងក្រហមហើយស្ងួត ដែលអាចឈានទៅងាប់ ។ ចំណែកឯផ្កាស្រូវដែលរងការបំផ្លាញ អាចដាក់ គ្រាប់មិនពេញលេញឬស្កកតែម្តង។ កត្តាដែលនាំឱ្យកកើតសត្វនេះ គឺភាព រាំងស្ងួត និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើន ។
គេអាចកម្ចាត់វាដោយ
– ពន្លិចស្រូវរយៈពេល ២-៣ថ្ងៃ ដើម្បីសម្លាប់ទ្រីប ប្រើក្រមាសើមអូសនៅលើចុងស្រូវដើម្បីឱ្យទ្រីបជាប់នឹងក្រមាររួចយកទៅលាងទឹក ដើម្បីឱ្យទ្រីបធ្លាក់ចុះទៅក្នុងទឹក
– ប្រើរំពាត់វាត់នៅលើចុងស្រូវ ដើម្បីវាយទម្លាក់ទ្រីបពីចុងស្រូវទៅក្នុងទឹក
– ថ្នាំផ្សំពីរុក្ខជាតិៈ ម្ទេស១ខាំកិនឱ្យម៉ត់ លាយជាមួយទឹក១លីត្រ លាយសាប៊ូ១២មក្របន្ទាប់ យកវាលាយទឹកធម្មតា៥លីត្រ និងយកទៅបាញ់។
– ផ្សំពីរុក្ខជាតិៈ ម្ទេសកន្លះគីឡូ ស្ងោរជាមួយទឹក ៣លីត្រ រយៈពេល ២០នាទី លាយសាប៊ូ ៣០ក្រ បន្ទាប់យកវាលាយទឹកធម្មតា១០លីត្រ និងយកទៅបាញ់ ។ បើមានភ្លៀងបាញ់ ២ ទៅ ៣ដង ក្នុង ១សប្តាហ៍។
ឯកសារយោង៖ ជីត្រាក្បាលគោ និងនង្គ័ល