ប៉េងប៉ោះ​ជួយ​បន្ថយ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​

ប៉េងបោះមានផ្ទុកសារធាតុគីមីលីកូប៉ែនគឺជាភ្នាក់ងារការពារដ៏សំខាន់ មួយសម្រាប់ជួយបង្ការ និងបន្ថយដំណើរការរាលដាលនៃជំងឺដាច់សរសៃឈាមខួរក្បាលមិនឲ្យមាន រយៈពេលយូរអង្វែងបាន។

សារធាតុគីមីលីកូប៉ែននេះមាននៅក្នុងអាហារ មានពណ៌ក្រហមដូចជានៅក្នុងបន្លែប៉េងប៉ោះ ម្ទេសប្លោកទុំ ឪឡឹក និងល្ហុងជាដើម។ ប៉ុន្តែគេបានដឹងថា ប៉េងប៉ោះមានសារធាតុពណ៌ក្រហមច្រើនជាងគេសម្រាប់បង្កើតនូវជាតិ លីកូប៉ែន ដែលមានឥទ្ធិពលដល់ការជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបាន។ លីកូប៉ែនជាសារធាតុ ម្យ៉ាងដែលវាបានជួយការពារកោសិកានៃសព៌ាង្គកាយមនុស្សពីការសឹក រេចរឹល ឬ ខូចខាតដោយជំងឺនានា។ ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញថាលីកូប៉ែន ក៏បានជួយបង្ការដល់អាការរលាកសរសៃឈាមនិងការកកឈាមបានដែរ។ វាមានប្រសិទ្ធភាពជាងសារធាតុបង្ការដទៃទៀត។

អត្ថបទបន្ថែម៖ វិធីងាយៗ ធ្វើម៉ាសបិទមុខផ្លែប៉េងប៉ោះ ដោយខ្លួនឯង

ប៉េងប៉ោះ ជាបន្លែមួយប្រភេទ សំបូរទៅដោយវីតាមីនស៊ី (vitamin C) ដែលជួយ កាត់បន្ថយបញ្ហាមុន និងចំណុចខ្មៅៗ លើស្បែកមុខ។ គុណប្រយោជន៍បែបនេះ ពិតជាប្រសើរណាស់ បើយើងជ្រើសយក ផ្លែប៉េងប៉ោះ ទៅលាយនឹងគ្រឿងផ្សំផ្សេងៗទៀត ដើម្បីធ្វើម៉ាស បិទមុខធម្មជាតិ ដោយខ្លួនឯង។

គ្រឿងផ្សំ

ផ្លែប៉េងប៉ោះទុំមួយផ្លែ និងផ្លែត្រសក់ចិញ្ច្រាំម៉ត់២ស្លាបព្រាបាយ និងទឹកឃ្មុំ មួយស្លាបព្រាបាយ។

វិធីធ្វើ និងប្រើប្រាស់៖

ច្របាច់យកទឹក ពីផ្លែប៉េងប៉ោះអោយអស់ ហើយយកមកលាយជាមួយ ត្រសក់ និងទឹកឃ្មុំ។ នៅពេល លាយរួចហើយ យកមកលាបលើផ្ទៃមុខ ទុកប្រហែលជា១៥ ទៅ២០នាទី បន្ទាប់មកលាងមុខចេញ ដោយទឹកធម្មតា មិនមែនទឹកក្តៅ។ អ្នកនឹងទទួលបានស្បែកមុខទន់រលោង ដោយសារផ្លែត្រសក់មានគុណប្រយោជន៍កាត់បន្ថយខ្លាញ់លើស និងរក្សាប្រេងធម្មជាតិលើផ្ទៃមុខ។ វិធីនេះ ល្អប្រសើរជាពិសេស សម្រាប់អ្នកមានស្បែកមុខខ្លាញ់។

អត្ថបទបន្ថែម៖ បច្ចេកទេសដាំប៉េងប៉ោះ!

១.  បច្ទេកទេសដាំដុះ

ក.  ការជ្រើសរើសពូជៈ

កត្ដាសំខាន់ៗដែលត្រូវកំណត់ជ្រើសរើសមាន ៖

-ពូជមានប្រភពច្បាស់លាស់(ពូជក្នុងស្រុក ឬពូជបង្កាត់)

-ពូជមានអាយុកាលត្រឹមត្រូវ

-ពូជដែលមានចំណុះល្អ ៨៥-៩០%

-ពូជសុទ្ធល្អ

-ពូជធន់នឹងអាកាសធាតុ សត្វល្អិត និងជំងឺចំពោះពូជបង្កាត់មិនអាចទុកពូជបន្តបានទេ។

ខ. ការរៀបចំថ្នាលបណ្ដុះកូនៈ

-គ្រាប់ពូជ ២៥០-៣០០ ក្រាម ប្រើក្នុងផ្ទៃដី១ហិកតា

-ទទឹងថ្នាល ១ម និងប្រវែងបណ្ដោយតាមតម្រូវការ នៅរដូវប្រាំង កម្ពស់រង ១៥-២០ស.ម និងរដូវវស្សា ២០-៣០ ស.ម

-ច្របល់ផេះអង្កាប ៣០០ក្រាម និងជីកំប៉ុស្ដ៥០០ក្រាមក្នុងផ្ទៃដី១ម៉ែត្រការ៉េ

-ស្រោចទឹកឲ្យជោក រួចឈូតចង្អូររាក់ កាត់ទទឹងរងចន្លោះជួរ ១០ស.ម

-សាបគ្រាប់ប៉េងប៉ោះ ឲ្យបានស្ទើងក្នុងជម្រៅ០.៥ ស.ម និងគ្រប ឬលុបដីឲ្យបានជិតល្អ

-កាត់ចំបើងជាកង់ៗ រួចគ្របពីលើរង និងស្រោចទឹកឲ្យជោគល្អ។

    គ. ការបណ្ដុះកូនៈ

-គ្រាប់ប៉េងប៉ោះហាលថ្ងៃ ១-២ម៉ោង ត្រាំទឹកក្ដៅឧណ្ឌៗ ប្រហែល ៣៥ អង្សាសេ រយៈពេល២០នាទី

-ផ្អាប់ក្នុងក្រណាត់សើម ៤០-៤៨ម៉ោងទើបអាចសាបលើថ្នាល

-១០ថ្ងៃក្រោយសាប គេអាចដករំលោះ (ធីវ)កូនប៉េងប៉ោះខ្លះទុកឲ្យរង្វើល និងមានសុខភាពល្អ។ គេអាចយក ទៅដាំបានក្នុងរយៈពេល ១៨ដល់២៥ថ្ងៃ ក្រោយសាប។

ឃ. ការរៀបចំដីៈ

-ការភ្ជួរ និងរាស់ដីឲ្យបាន២ដង

-ហាលដីឲ្យស្ងួតល្អរយៈពេលពី ១០-១៥ថ្ងៃ

-លើករងកម្ពស់ពី ២៥-៣០ ស.ម ទទឹងរង១២០ស.ម និងចន្លោះរង ៧៥ ស.ម

ង. ការដាំដីៈ

-ចន្លោះគុម្ព ៧០​ ស.ម ចន្លោះជួរ ១ម និងដាំក្នុង១គុម្ព/១ដើម។

-ត្រូវស្រោចទឹកលើថ្នាលឲ្យជោគមុនពេលដកកូនយកទៅដាំ (ដាំនៅពេលរសៀលឬពេលមេឃត្រជាក់) ។

-ដាំរួចត្រូវស្រោចទឹកឲ្យជោគ។

២.  ការថែទាំ

ក.  ការជ្រួយដី និងកំចាត់ស្មៅៈ

-ជ្រួយដីត្រូវធ្វើឡើងក្រោយដា ១០.១២ថ្ងៃ ។

-ក្រោយដាំ ៣៥.៤០ថ្ងៃ ត្រូវដកស្មៅចេញនិងហាមជ្រួយដី។

      ខ.  ការស្រោចទឹកៈ

-ការស្រោចទឹកជាប្រចាំនៅពេលព្រឹក និងពេលល្ថាច

-ត្រូវរក្សាសំណើម ៦០-៧០% ប្រសិនបើមានសំណើមខ្ពស់ អាចកើតឡើងនូវពពួកជំងឺក្នុងដី។

គ. ការដោតចំណារ និងកាត់មែកៈ

-ការដោតចំណារធ្វើឡើងនៅមុនពេលប៉េងប៉ោះចេញផ្កា

-ការកាត់រំលោះមែកផ្នែកខាងក្រោមដើម្បីឲ្យមានខ្យល់ចេញចូល រក្សាសំណើម និងបាត់បង់ជីជាតិ

-កាត់បន្ថយការឆ្លងជំងឺ និង សត្វល្អិតសង្រៃ។

ឃ.  ការដាក់ជីៈ

-លើកទី១ ៖ ការប្រើជីទ្រាប់បាត ដាក់ជីកំប៉ុស្ដចំនួន ០.៥-១ គីឡូក្រាម លាយជាមួយជី (១៥.១៥.១៥) ចំនួន ៤-៥ក្រាម និងជីអ៊ុយរ៉េ២ក្រាម ក្នុងមួយរណ្ដៅ។

-លើកទី២ ក្រោយដាំបាន ១០ដល់១៥ថ្ងៃ ប្រើជី (១៥.១៥.១៥) ចំនួន ២-៣ក្រាម លាយជាមួយទឹក ២០លីត្រ។

-លើកទី ៣ ៖ ពេលប៉េងប៉ោះមុនចេញផ្កា ត្រូវបន្ដការដាក់ជីបំប៉នបន្តែមទៀត ជីអ៊ុយរ៉េ ៥-១០ក្រាម និងជី (១៥.១៥.១៥) ១៥-២០ក្រាមក្នុងមួយរណ្ដៅ។

៣.  ការប្រមូលផល

-ពូជដែលមានអាយុកាលខ្លីគឺចន្លោះ ៥៥-៦០ថ្ងៃ

-ពូជដែលមានអាយុកាលលូតលាស់មធ្យម​គឺ ៦០-៦៥ ថ្ងៃ​​​​​

-ពូជដែលមានអាយុកាលធ្ងន់​គឺ ៦៥-៧៥ថ្ងៃ គេកាត់ផ្លែប៉េងប៉ោះដោយកន្ដ្រៃប្រសើរ ជាងការ បេះផ្លែដោយដៃ ដែលធ្វើឲ្យផ្លែរក្សាទុកមិនបានយូរថ្ងែ។ ផ្លែដែលត្រូវបេះ គឺអាស្រ័យតាម តម្រូវការទីផ្សារ (ទុំ២៥% ឬទុំ៦៥%) សម្រាប់កែច្នៃ(ទុំ៧៥%-៨០%) ៕

រៀបរៀងដោយៈ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*