គេអាចបណ្តុះកូនចេក ចេញពីក្តិលចេក ១ដើម បានកូនចេកចំនួន ចាប់ពី ១០ដើម រហូតដល់ ៣០ដើម ដោយប្រើពេលតែ ២ខែប៉ុណ្ណោះ។ ការបំបែកដោយក្តិល (PIF technical) មានប្រសិទ្ធភាពបន្ទាប់ពីបច្ចេកទេសបំបែកជាលិកា (tissue culture) ដែលការបំបែកជាលិកា កូនចេកក្រមុំមួយដើម អាចបំបែកកូនចេកបាន ចាប់ពី ៦០ដើម ទៅ ១០០ដើម។
ការបំបែកដោយក្តិល (PIF technical) មានដំណាក់កាលដូចតទៅ:
១) ការរៀបចំរោងថ្នាលបណ្តុះ :
-រោងបណ្តុះ អាចធ្វើពីឬស្សី ជារោង ៤ជ្រុង ឬ រោងដូចក្នុងរូបភាព កំពស់ ១ម៉ែត្រ ២តឹកពីដី
-ត្រូវរៀបចំនៅទីតាំង ដែលអោយត្រូវពន្លឺថ្ងៃ តែ ២០% ទៅ ៣០%ប៉ុណ្ណោះ ដោយប្រក់ស្លឹក គ្របធាងដូង ឬ គ្របស្បៃកាត់បន្ថយកំដៅច្រើនជាន់ ឬប្រក់ក្រណាត់គូតុងក្រាស់ៗពីខាងលើ
-មានក្បាំងសម្រាប់ដាក់អាចម៍រណា ដែលខ្ពស់ផុតពីដី ពី ២តឹក ទៅ ៣តឹក
-ត្រូវមានថង់ផ្លាស្ទិកក្រាស់ សម្រាប់គ្របអោយជិត កុំអោយខ្យល់ចូល។
២) ការសំលាប់មេរោគផ្សិត និងបាក់តេរី ពីអាចម៍រណា សម្រាប់ជាសារជាតិចិញ្ចឹមបណ្តុះ :
-អាចម៍រណាឈើ មានប្រសិទ្ធភាពជាងគេបំផុត ក្នុងការបណ្តុះកូនចេក
-អាចម៍រណា មានជ័រឈើ ដែលជាសារជាតិចិញ្ចឹមល្អបំផុតក្នុងការបណ្តុះឫស និងចិញ្ចឹមដើម និងស្លឹក
-ហាមយកចំបើង ដែលរើចេញពីរោងបណ្តុះផ្សិត មកបណ្តុះកូនចេក ព្រោះសំបូរមេរោគផ្សិត
-មុននឹងដាក់ក្តិលចេក ចូលទៅបណ្តុះ ត្រូវសម្លាប់មេរោគអាចម៍រណាសិន។ អាចម៍រណាអាចលាយនឹងកន្ទក់បាន។ ត្រូវចំហុយអាចម៍រណានោះ រយៈពេល១៥នាទី ទៅ៣០នាទីសិន ដោយធុងដាក់លើភ្លើង ឬចំហុយដោយទឹកពុះ ឬចំហុយដោយឃ្លុំបេជិតកំដៅពី ៨០អង្សាសេ ទៅ ១២០អង្សាសេ
-បន្ទាប់ពីចំហុយសម្លាប់មេរោគរួចរាល់ហើយ ត្រូវយកអាចម៍រណានោះ ទៅចាក់ក្រាល ក្នុងថ្នាលបណ្តុះចេក ដោយគ្របថង់ផ្លាស្ទិក រុំកៅស៊ូបិតអោយជិត កុំអោយខ្យល់ចូល។
៣) ការចិតក្រឡឹងសំបកចេកចេញពីក្តិល:
-បន្ទាប់ពីគាស់ដើមចេកយកមកលាងទឹកអោយជ្រះដី រួចរាល់ហើយ គឺត្រូវចិតក្រឡឹង បកសំបក ម្តងមួយស្រទាប់ៗ កុំអោយដាច់ភ្នែកកូនចេក តែខាងក្រោមក្តិល ត្រូវចិតឬសចេកចាស់ៗ ចេញអោយអស់
-កាំបិតដែលចិត ត្រូវស្ងោរសំលាប់មេរោគសិន មុននឹងចិត ឬលាងនឹងអាល់កុល ឬទឹកអូសាវែល រួចដុតភ្លើង
-បន្ទាប់ពីចិតក្តិលចេករួចរាល់ហើយ ត្រូវលាងទឹកវាអោយស្អាតជ្រះដីល្អ។ ការចិតនេះ អាចប្រើកាំបិតស្តើង ពុះជា៤តែមិនមែនពុះអោយដាច់ទេ គឺពុះសាច់ខាងលើ ដើម្បីចែកប្លុកកោសិកា។
៤) ការសម្លាប់មេរោគផ្សិត បាក់តេរី ពីក្តិលចេក និងការរៀបចំក្តិលចេកចូលថ្នាលបណ្តុះ:
-ការសម្លាប់មេរោគចេញពីក្តិលចេក ដែលបានចិតរួច អាចប្រើវិធី ៣យ៉ាង
១. អាចក្រឡុកលាងនឹងអាល់កុល (បើមានលទ្ធភាព)
២. អាចក្រឡុកលាងជាមួយនឹងទឹកអូសាវែលដែលលាយជាមួយនឹងទឹកបិត(បើមានលទ្ធភាព)
៣. អាចដាំទឹកអោយពុះ ហើយយកក្តិលចេកទាំងនោះ ដាក់ចូលត្រឡប់ឡើងចុះរយៈពេល ១៥វិនាទី ទៅ៣០វិនាទី សឹមលើកចេញមកវិញ។ អាល់កុល និងអូសាវែលអាចក្រឡុក រយៈពេល ៣នាទីបាន យ៉ាងយូរបំផុត៥នាទី ដើម្បីអោយងាប់មេរោគ ជាពិសេសមេរោគផ្សិត ដែលជាហេតុធ្វើអោយក្តិលចេករលួយ។
៥) ការកាត់កូនចេក ដែលដុះមកធំជាងគេចេញ ដើម្បីអោយកូនចេកដុះច្រើន:
-បន្ទាប់ពីសម្លាប់មេរោគរួចរាល់ហើយ យើងត្រូវយកក្តិលចេកមកដាក់តំរៀបក្នុងថ្នាល ដោយកប់ចូលជ្រៅទៅក្នុងអាចម៍រណា ដោយទុកខាងលើបន្តិច មិនអោយលិចកប់បាត់ទាំងស្រុងទេ
-បន្ទាប់ពីកប់ហើយ ត្រូវស្រោចទឹក ដោយប្រើទឹកថ្លាល្អ បើមានទឹកភ្លៀងត្រងទុក យកទៅស្រោច ជាការល្អ ព្រោះទឹកភ្លៀង មានវីតាមីនផង និងជីវជាតិផង។ ហាមយកទឹកល្អក់ ដែលមានលាយដីយកទៅស្រោច ព្រោះអាចងាយនឹងកើតផ្សិត
-ត្រូវស្រោចទឹក អោយអាចម៍រណាសើមជាប្រចាំ
-១សប្តាហ៍ក្រោយមក ក្តិលចេកក៏ចាប់ផ្តើម ដុះឬស។ ២ទៅ ៣សប្តាហ៍ក្រោយមក ក៏មានកូនចេក ដុះឡើងមក។ តែកូនចេកដែលដុះ ដំបូងនេះ មិនមានចំនួនដើមច្រើននោះទេ ដូច្នេះ កូនចេកដំបូងនេះ ត្រូវយកកាំបិតកាច់ផ្លែ ឬកាំបិតស្តើងៗ កាត់ចេញ ហើយពុះគល់កូនចេកនោះជា៤។ រយៈពេលក្រោយមកក្តិលចេកនោះ ដុះកូនកាន់តែច្រើន។ រាល់ពេលស្រោចទឹករួចរាល់ ត្រូវបិតថង់អោយជិត កុំអោយខ្យល់ចូល។
៦) ការបំបែកកូនចេក ចេញពីក្តិល ដាក់ចូលកន្ទោង:
បន្ទាប់ពីកូនចេកដុះច្រើនមក យើងអាចយកកាំបិតកាច់ផ្លែ ឬ កាំបិតមុតស្តើង ច្រឹបកូនចេក អោយដោយសាច់ក្តិលមួយជ្រុងមូល រូចដាក់ដាំចូលក្នុងកន្ទោង ដែលមានដីលាយជីកំប៉ុស្ត៍ សម្លាប់មេមេរោគរួចរាល់ ដោយតំរៀបគ្នាក្នុងថ្នាលថ្មី គ្របថង់ផ្លាស្ទិកបិតជិតខ្យល់ដូចគ្នា ហើយមានដំបូលពីខាងលើ មិនអោយត្រូវពន្លឺថ្ងៃ។ ដាក់បែបនេះ រយៈពេល ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ រហូតដល់ចាប់ឬស ដោយមានការស្រោចទឹក ជាទៀងទាត់ធម្មតា។
៧) ការដាំកូនចេកពីកន្តូងចូលថង់ខ្មៅ:
បន្ទាប់ពីកូនចេក ចាប់ឬស នៅក្នុងកន្ទោង ល្មមហើយ យើងអាចដាំ កូនចេកនេះ ចូលទៅក្នុងថង់ខ្មៅ ដែលមានចោះប្រហោង ដោយដាក់តំរៀប នៅក្រោមស្បៃកាត់បន្ថយ ពន្លឺថ្ងៃ រហូតដល់កូនចេកនេះ រឹងមាំ ល្មមដាំ ស្លឹក៣ ស្លឹក៤ ស្លឹក៥។
៨) ការបន្សាំអាកាសធាតុអោយកូនចេក :
មុននឹង យកកូនចេកនេះ យកទៅដាំលើដី ត្រូវរៀបចំភ្ជួររាល់ដី ជាច្រើនលើកច្រើនសារ រួចស្វាន រណ្តៅ ឬជីករណ្តៅរួចរាល់។ ត្រូវបកស្បៃ អោយកូនចេកទាំងនេះ ត្រូវពន្លឺថ្ងៃ ពី ១ថ្ងៃ ទៅ ៣ថ្ងៃសិន ទើបយកទៅដាំ។
បញ្ជាក់: ពេលវេលា ដែលចាប់ផ្តើមបណ្តុះបានល្អ គឺ ចាប់ពីចុងខែ៥ រហូតដល់ ខែ ១២។ ហាមបណ្តុះនៅ ចុងខែ ២ ខែ ៣ និងខែ ៤ ព្រោះអាកាសធាតុក្តៅខ្លាំងណាស់ ធ្វើអោយក្តិលចេកដែលបណ្តុះនោះរលួយខូចអស់។
សង្ឃឹមថា បទពិសោធន៍ នឹងក្លាយទៅជាប្រយោជន៍ដល់ពុកម៉ែបងប្អូន កសិករ ខ្មែរយើង ដែលចូលចិត្ត ដាំដំណាំចេក ហើយចង់ដាំលើផ្ទៃដីធំ ក្នុងរយៈពេលខ្លី។
credit : កសិកម្ម កសិឧស្សាហកម្ម និងសិប្បកម្ម
វីដេអូ៖