ធ្វើ​ដូចម្តេច​ដើម្បី​បាន​សំណាប​ថ្លោស​ល្អ​សម្រាប់់​យក​ទៅ​ស្ទូង?

ដើម្បីទទួលបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូង សូមណែនាំអោយកសិករសាកល្បងអនុវត្តតាម បច្ចេកទេសទាំង ៩ ដូចខាងក្រោមៈ
១. រើសយកតែគ្រាប់ពេញសុទ្ឋល្អទៅសាបដោយរើសចេញនូវគ្រាប់ដែលមានពណ៌ និងរាងខុសធម្មតាចោល ។ កសិករអាចត្រូវចំណាយពេលច្រើនបន្តិចមែន តែការប្រើពូជសុទ្ឋល្អ នាំអោយកសិករទទួលបានផលច្រើន ហើយលក់ស្រូវបានថ្លៃទៀតផង ។


២. យកគ្រាប់ដែលរើសហើយ ទៅត្រាំជាមួយទឹកមានជាតិស្តៅ (ទឹកដែលត្រាំជាមួយគ្រាប់សំបកឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញ ពីសត្វល្អិតផ្សេងៗ ។


៣. រៀបចំថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីជៀសវាងកុំអោយសំណាបលិចទឹក ដែលនាំឱ្យវាលូតរាងវែង (លូតតែកំពស់តែមិនសូវរីកទទឹង) ។


៤. ប្រើជីកំប៉ុស ឬដីមមោកព្រៃ (ដីស្រទាប់លើនៅក្នុងព្រៃ) ឬគុម្ពោតព្រៃឱ្យបានច្រើន ។ ជីកំប៉ុសនាំឱ្យដីផុសហើយសើមបានល្អដែលជាអំណោយផល ដល់ការលូតលាស់ របស់សំណាប ។


៥. សាបស្តើងជាងធម្មតាដើម្បីឱ្យដើមសំណាបនិមួយៗដុះរីកមាឌទទឹងបានល្អ (សំណាបថ្លោស) ។


៦. ក្រោយពេលសាបហើយ គ្របដីដោយប្រើស្លឹកឈើ (ប្រើទាំងស្លឹកទាំងមែក) ហើយដកស្លឹកឈើចេញពេលសំណាបចាប់ផ្តើមដុះ ។

៧. ដកសំណាបនៅកន្លែងដែលចង្អៀតពេកចេញខ្លះ ។


៨. ស្រោចទឹកបន្ថែមប្រៀបដូចស្រោចកូនស្ពៃក្នុងករណីអត់មានភ្លៀង ។ គេគួរលាយទឹកជាមួយទឹកនោមគោក្នុងបរិមាណ១ចែក១០ (ទឹកនោមដែលទុកឱ្យកាច់ បានជាង៧ថ្ងៃ) ដើម្បីជំរុញការលូតលាស់បន្ថែម ។


៩. នៅពេលដកសំណាបទៅស្ទូង ដកតែដើមសំណាបថ្លោសជាងគេ ទៅស្ទូងបានហើយ ។

  ក្នុងចំណោមបច្ចេកទេសទាំង ៩ ខាងលើនេះ កសិករអាចជ្រើសរើសមួយណាមកអនុវត្តក៏បានដែរ តែការផ្តុំចូលគ្នាបានច្រើនចំណុច នាំមកនូវផលល្អជាងការអនុវត្តបានតិចចំណុច ។
ទោះក្នុងករណីយ៉ាងណាក៏ដោយកសិករគួរអនុវត្តអោយបាននូវចំណុចទី១ និងទី៩ គឺរើសីសតែ គ្រាប់ល្អៗទៅសាប និងសំណាបថ្លោសទៅស្ទូង ដែលអាចទទួលបានផលល្អ៕


ប្រភពៈ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឈន៍ កសិកម្មកម្ពុជា

Leave a Comment

Your email address will not be published. Required fields are marked *

*