ហេតុអ្វី​ព្រះបាទ​សុរិយា​វរ្ម័នទី ២ កសាង​ប្រាសាទ​មួយ​ដាក់ឈ្មោះថា “ បន្ទាយសម្រែ “ ហើយ​តម្កល់​មឈូស​ខាងក្នុង​គួរ​ឲ្យ​ព្រឺក្បាល ?

​ដើម្បី​ទៅកាន់​ប្រាសាទបន្ទាយសម្រែ គេ​ត្រូវ​ឆ្លងកាត់តាមស្រះស្រង់ រួចបន្តទៅភូមិ​ព្រះ​ដាក់​ជាមុនសិន ហើយ​ធ្វើដំណើរ​បន្តទៅ​ទិសខាងកើត ទើប​មកដល់​ទីតាំង​នៃ​បូជនីយដ្ឋាន នា​សម័យអង្គរ​ខាងលើនេះ ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​។​

ប្រាសាទបន្ទាយសម្រែ ​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម ប្រាសាទបន្ទាយសម្រែ គឺជា​ប្រាសាទ​សិលា​មួយ​ដែលមាន​ទ្រង់ទ្រាយ​ធំ​ហើយ​មាំ បែ​មុខ​ទៅ​ទិសខាងកើត​។ ឧត្តមភាព និង​វិសាលភាព​គួបផ្សំ និង​ក្បាច់រចនា​ដ៏​ល្អ​ប្រណិត​ដែល​ធ្វើ​ឲ្យ​គេ​គយគន់​មិនចេះ​ឆ្អែត​។ ធ្វើ​ឲ្យ​យើង​ចាត់ទុកថា ប្រាសាទបន្ទាយសម្រែ គឺជា​ប្រាសាទ​រាជ​។

សំណង់​ស្ថាបត្យកម្ម​ស្ថិតក្នុង​សម័យអង្គរ ប្រាសាទ​នេះ​មាន​កំពែង​ពីរ​ជាន់ ធ្វើ​អំពី​ថ្ម​ក្រៀម ហើយ​ដើម្បី​ទៅកាន់​ប្រាង្គ​កណ្តាល​ដ៏​មហា​សិ​ក្ត​សិទិ្ធ ដែលមាន​រូប​ជា​ផ្កាឈូក​ក្រពុំ គេ​ត្រូវ​ដើរកាត់​ផ្លូវ​រាជ​ថ្ម​មួយ ដែលមាន​បង្កាន់ដៃ​នាគ​អម​ទាំងសងខាង តែ​សព្វថ្ងៃនេះ ត្រូវ​បាក់មែក​ជាច្រើន​អន្លើ​។​


​ក្រៅពី​ប្រាង្គ​កណ្តាល ដែល​តាមពិតទៅ​តំណាង​ឲ្យ​ភ្នំ​សុមេរុ យើង​ឃើញ​មាន​សំណង់​ហោត្រៃ​ពីរ​ដែល​គេ​តាំង​ឈ្មោះថា ធម្មមន្ទីរ ​បែរមុខ​ទៅ​ទិស​ខាងលិច ហើយ​អម​ទាំងសងខាង​ដោយ​រោងទង ដែល​ហ៊ុំ​ព័ទ្ធជុំវិញ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​នេះ​។​

​ ​សូមបញ្ជាក់ថា សព្វថ្ងៃនេះ ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​នេះ គេ​ត្រូវ​ចូល​តាម​គោ​បុ​រៈ​ខាងលិច។ តែ ​ពី​ជំនាន់​ដើម គឺ​តាម​គោ​បុ​រៈ​ខាងកើត ដែល​ផ្លូវ​ក្រាល​ដោយ​ថ្មភក់ ហើយ​មាន​បង្កាន់ដៃ​លំអរ​ដោយ​ក្បាច់ចម្លាក់​នាគ បើក​ពពារ​គួរ​ឲ្យ​ស្ញប់ស្ញែង​អស្ចារ្យ​។​


​ ​វត្តមាន​របស់​ក្តា​រម​ឈូស​​ធ្វើ​អំពី​ថ្ម​មួយ ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា បូជ​នី​យ​ដ្ឋា​ន​នេះ ​ក៏​ជា​កន្លែង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះរាជវង្សានុវង្ស​ខ្មែរ​នា​សម័យអង្គរ​ផងដែរ​។​


​ ​យោងតាម​លក្ខណៈ​នៃ​ក្បាច់ក្បូរ​ចម្លាក់​ផ្សេងៗ រួមមាន​ហោជាង ផ្តែរ និង​សសរ​ផ្អោប យើង​អាច​ដឹងថា ប្រាសាទបន្ទាយសម្រែ​ស្ថិតក្នុង​រចនា​ប័​ថ្ម​អង្គរវត្ត ហើយ​ទាក់ទិន​ទៅ​នឹង​និកាយ​វិស្ណុ​និយម ​យ៉ាង​ប្រាកដ​។

អរិយធម៌ខ្មែរ

Leave a Comment

Your email address will not be published. Required fields are marked *

*