១. សារធាតុផ្សំ
– អង្ករ (ប្រភេទស្រូវបាយទន់ ៨គីឡូក្រាម)
– ឈើឯម ០,១គីឡូក្រាម
– ខ្ញី ០,៦គីឡូក្រាម
– ខ្ទឹមស ០,៣គីឡូក្រាម
– ម្រេច ០,៥គីឡូក្រាម
– ស្ករស ០,៥គីឡូក្រាម – ទឹកធម្មតា ១លីត្រ
– មេត្របែដើម ៣២គ្រាប់ ។
២. របៀបធ្វើ
– យកអង្ករទៅត្រាំរយៈពេល ៥ម៉ោង ចាប់ពីម៉ោង ១យប់ រហូតដល់ម៉ោង ៦ព្រឹក ទើបស្រង់ដាក់កញ្ច្រែងឲ្យស្រស់ទឹក – យកឈើឯម ខ្ញី ខ្ទឹមស ម្រេច ហាន់ឲ្យល្អិត
– យកអង្ករត្រាំស្រស់ទឹក និងសារធាតុផ្សំដែលបានហាន់ល្អិតៗនោះទៅដាក់ក្នុងត្បាល់ រួចបុកបញ្ចូលគ្នាឲ្យម៉ដ្ឋ បន្ទាប់មកចាក់ចូលក្នុងកញ្ច្រែងរែងអង្ករ ។ សារធាតុណាដែលរែងមិនជ្រុះយកទៅដាក់ក្នុងត្បាល់បុកបន្តទៀត ធ្វើដូចនេះទាល់តែរែងជ្រុះអស់ទើបឈប់
– យកស្ករស ០,៥ គីឡូក្រាម ទៅដាក់នៅក្នុងទឹក ០,៥ លីត្រ ដាំឲ្យពុះទុកឲ្យត្រជាក់
– យកសារធាតុដែលបានបុករួចទៅដាក់នៅក្នុងចង្អេរ រួចចាក់ទឹកស្ករសបន្តិចម្តងៗ ច្របល់ឲ្យសព្វសាច់ ។ ប្រសិនបើល្បាយនៅរឹង ពូតមិនកើត យកទឹកធម្មតាចាក់ច្របល់បន្ថែមទៀតរហូតដល់រលាយសាច់មួយ ទើបចាប់ផ្តើមលុញជាគ្រាប់ប៉ុនៗមេដៃដាក់នៅក្នុងកញ្ជើ
– យកមេដើមទៅបុកឲ្យម៉ដ្ឋ យកទៅរោយពីលើ រួចយកភួយទៅគ្របពីលើរយៈពេល ៣យប់ ៣ថ្ងៃ ដើម្បីឲ្យងំឆាប់កាច់ (ប្រសិនបើគ្មានមេត្រប៉ែដើមរោយក៏បានដែរ ប៉ុន្តែក្រកាច់បន្តិច)
– ក្រោយពេល៣ ថ្ងៃ បើកគំរបភួយយកគ្រាប់មេត្រប៉ែទៅហាលថ្ងៃឲ្យស្ងួត រួចច្រកទៅក្នុងថង់រក្សាទុកសំរាប់លក់ជាការស្រេច ។
២. របៀបប្រើ
គេអាចប្រើប្រាស់ត្របែទៅតាមបរិមាណអង្ករដែលគេយកទៅដាំធ្វើត្រប៉ែ ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)